(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នៅថ្ងៃទី២៧ ខែមិថុនានេះ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ដើម្បីផ្តល់ភាពងាយស្រួល ដល់ម្ចាស់មធ្យោបាយដឹកជញ្ជូន ក្នុងការបង់ពន្ធយានយន្តរបស់ខ្លួនប្រចាំឆ្នាំនោះ អគ្គនាយកដ្ឋានបានបង្កើត នូវប័ណ្ណស្វ័យប្រវត្តិផ្ទុយទិន្ន័យបង់ពន្ធ សម្រាប់ឲ្យអ្នកជាប់ពន្ធ ដើម្បីអាចបំពេញកាតព្វកិច្ចបង់ពន្ធឲ្យឆាប់រហ័ស មិនរង់ចាំយូរ និងងាយស្រួល ដោយរហូតមកដល់ពេលនេះ ប័ណ្ណចំនួន៣៤ម៉ឺន ត្រូវបានបោះជូនម្ចាស់យានយន្តរួចរាល់។
មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ទៀតថា ការបោះពុម្ភប័ណ្ណសម្គាល់ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ បង្កើតឡើងនៅឆ្នាំ២០១៥ ។ ដោយឆ្នាំ២០១៥កន្លងទៅ អគ្គនាយដ្ឋានពន្ធដារ បានបោះពុម្ភប័ណ្ណចំនួន ២០ម៉ឺន ចែកជូនឲ្យម្ចាស់យានយន្ត ប្រើប្រាស់រួចរាល់ហើយ។ ចំណែកឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានពន្ធដារ បានបោះពុម្ភប័ណ្ណនេះបានចំនួន ១៤ម៉ឺនប័ណ្ណទៀត ដោយធ្វើការប្រគល់ ជូនសាខាពន្ធដាររាជធានី-ខេត្ត និងនៅតាមធនាគារអេស៊ីលីដា និងកាណាឌីយ៉ាផងដែរ។
មន្ត្រីជាន់ខ្ពស់ដដែលបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលបានដាក់ពាក្យ ធ្វើប័ណ្ណសម្គាល់ការបង់ពន្ធយានយន្ត សម្រាប់មធ្យោបាយដឹកជញ្ជូន អាចទៅទទួលយកនៅតាមសាខា រាជធានី-ខេត្ត និងតាមធនាគារដែលបងប្អូន បានដាក់ពាក្យសុំធ្វើបាន។
បណ្ណ័សម្គាល់ការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ គឺផ្តល់ភាពងាយស្រួល ដល់បងប្អូនជាម្ចាស់យានយន្ត ដែលធ្លាប់បង់ពន្ធរួច មិនចាំបាច់បំពេញបែបបទបង់ពន្ធទៀតឡើយ ពោលគឺមានប័ណ្ណនេះគ្រប់គ្រាន់។ សម្រាប់បងប្អូនដែលមិនទាន់ មានប័ណ្ណសម្គាល់ការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ អាចដាក់ពាក្យធ្វើបាន នៅតាមសាខាពន្ធដាររាជធានី-ខេត្ត ធនាគារអេស៊ីលីដា និងធនាគារកាណាឌីយ៉ា។
សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឲ្យមានការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០១៦ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦៕