(បាត់ដំបង)៖ មានរៀបចំពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (Provincial Water Supply and Sanitation Project) ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានដោយ

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដៃគូអភិវឌ្ឍ ក្រុមហ៊ុនសាងសង់ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

ថ្លែងក្នុងពិធីបើកការដ្ឋាននេះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានផ្ដល់អាទិភាពខ្ពស់ដល់វិស័យទឹកស្អាត ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤គឺ មនុស្ស ទឹក ភ្លើង និង ផ្លូវ។ ជាក់ស្តែងថ្ងៃនេះ យើងបានចាប់ផ្តើមដំណើរការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលមានសមត្ថភាពផ្គត់ផ្គង់ ៥០.០០០មែត្រគូបក្នុង១ថ្ងៃ ដែលនេះគឺជាការបង្កើតរោងចក្រប្រព្រឹត្តកម្មទឹកស្អាតខ្នាតធំមួយជាប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនមករបស់ខេត្តបាត់ដំបង ហើយឯកឧត្តមសង្ឃឹមជឿជាក់ថា ខេត្តបាត់ដំបងនឹងកាន់តែមានកាលានុវត្តភាពក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំរុញកំណើនសេដ្ឋកិច្ច សកម្មភាពសង្គម និងទេសចរណ៍របស់ខេត្តបានប្រសើរឡើងមួយកម្រិតថែមទៀត ហើយប្រជាជនយើងនៅទីនេះ នឹងមានលទ្ធភាពទទួលបានទឹកស្អាត ប្រើប្រាស់គ្រប់គ្រាន់ជាងពេលមុនៗ។

លោកកិត្តិសេដ្ឋាបណ្ឌិតក៏បានលើកឡើងដែរថា ជាការពិត «មានទឹកស្អាត ទើបមានការអភិវឌ្ឍន៍»។ ផ្តើមចេញពីការផ្គត់ផ្គង់ទឹកស្អាតបានគ្រប់គ្រាន់នេះហើយ ទើបអាចជួយដល់ការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជនយើង ហើយយើងមានលទ្ធភាពអភិវឌ្ឍន៍មូលដ្ឋានឃុំ សង្កាត់ ស្រុក ក្រុង ខេត្តរបស់យើង។ កាដូជាសមិទ្ធផលថ្មីនេះរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងជួយដោះស្រាយបញ្ហាទាំងអស់នេះ។ ហេតុដូច្នេះហើយបានជាកម្ពុជាមានពាក្យស្លោកថា «បានទឹកផឹក មិនភ្លេចប្រភពទឹក»។ ឱកាសមាស ដែលផ្តល់អំណោយផលសម្រាប់ការអភិវឌ្ឍរបស់យើង គឺស្ថិតនៅលើតម្លៃនៃសុខ សន្តិភាព និងស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ដែលកម្ពុជាសម្រេចបាន ហើយដែលត្រូវតែថែរក្សា ការពារឱ្យបានជាដាច់ខាត ទោះត្រូវបង់តម្លៃណាក៏ដោយ។ ដូច្នេះពាក្យថា អរគុណសន្តិភាព និងដឹងគុណ សម្តេចតេជោ ហ៊ុន សែន បានដក់ជាប់ក្នុងក្រអៅបេះដូងរបស់យើងគ្រប់គ្នា។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានរំលឹកឡើងវិញនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសគាំទ្រឱ្យប្រើប្រាស់ ពាក្យស្លោក «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្នុងនោះ ប្រភពទឹកក៏នឹងត្រូវប្រើប្រាស់ “ជាប្រភពពហុបំណង”  ផងដែរ។ ក្នុងន័យនេះ ការអភិវឌ្ឍវិស័យទឹកស្អាត គឺជាការចាំបាច់ដែលត្រូវមានការចូលរួមសហការអនុវត្តយ៉ាងសកម្មពីក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាជនគ្រប់ជាន់ថ្នាក់ដែលមានការពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំណត់ថា «ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ត្រឹមឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា តាមរយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ដោយឈរលើលក្ខខណ្ឌបួនយ៉ាងគឺ «ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»

ជាមួយគ្នានេះ លោកក៏បានលើកឡើង និងសូមកោតសរសើរចំពោះការសម្រេចបានននូវសមិទ្ធផល ជាច្រើន រួមទាំងការអភិវឌ្ឍរីកចម្រើលើគ្រប់វិស័យរបស់ខេត្តបាត់ដំបង ជាពិសេសការរក្សាបានសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានារបស់ខេត្ត ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងការដឹកនាំចាត់ចែងអនុវត្តពីសំណាក់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត។

យោងតាមរបាយការណ៍បានបង្ហាញថា បច្ចុប្បន្នរដ្ឋាករទឹកខេត្តបាត់ដំបងកំពុងបំពេញប្រតិបត្តិការលើតំបន់សេវារបស់ខ្លួនលើ ៣/ក្រុងស្រុក ស្មើនឹង១០សង្កាត់ក្នុងក្រុងបាត់ដំបង និង៧ឃុំ នៃស្រុកសង្កែ និងស្រុកថ្មគោល ស្មើនឹង ៩៩ភូមិ ដែលមានប្រជាជន ២៥២.៥៨៣នាក់ ប្រហាក់ប្រហែលនឹង ៥ម៉ឺនគ្រួសារ។ ជាមួយនឹងសមត្ថភាពផលិត ៣៣.៥០០ម៉ែត្រគូបក្នុង១ថ្ងៃ របស់រដ្ឋាករទឹកខេត្ត បានផ្តល់លទ្ធភាពឱ្យអង្គភាពមួយនេះធ្វើការផ្គត់ផ្គង់ទឹកស្អាតដល់ជាង ៣៤.៧០០គ្រួសារ នៃ ៨៥ភូមិ/លើ៩៩ភូមិ ស្មើនឹង ៣៤.៧៣១គ្រួសារ នឹងត្រូវជា៦៨%នៃចំនួនគ្រួសារក្នុងតំបន់សេវា។ ដូច្នេះនៅខ្វះប្រហែល១៥.៧៨៥គ្រួសារ លើ១៤ភូមិទៀត ឬ៣២%នៃគ្រួសារប្រជាជនទៀត ដែលភាគច្រើនគឺភូមិនៅតំបន់ជុំវិញទីប្រជុំជនក្រុងបាត់ដំបង ដែលរដ្ឋាករទឹកខេត្តត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការទាំងអស់នោះដែលនៅចន្លោះសេសសល់។

ដោយផ្អែកលើស្ថានភាពនេះ និងដោយផ្អែកលើចក្ខុវិស័យសម្រាប់អនាគតវែងឆ្ងាយក្នុងការអភិវឌ្ឍខេត្ត ទើបរាជរដ្ឋាភិបាលផ្តល់ការគាំទ្រ និងឱកាសដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអនុវត្តគម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីមួយនេះនៅខេត្តបាត់ដំបង ដែលមានទឹកប្រាក់ប្រមាណ ២៩,៨៧លានដុល្លារអាមេរិក ជាមួយនឹង សមត្ថភាពបន្ថែមថ្មីក្នុងការផ្គត់ផ្គង់់ទឹកស្អាត៥០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ រួមទាំងបណ្តាញទុយោជាង ៩៤គីឡូម៉ែត្រ ដែលនឹងបំពេញគ្រប់គ្រាន់ដល់តម្រូវការទឹកស្អាតសម្រាប់ទីប្រជុំជនក្រុងបាត់ដំបង នៅត្រឹមឆ្នាំ២០២៥ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជនឱ្យបាន១០០%។

សូមបញ្ជាក់ដែរថា គម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យខេត្ត (Provincial Water Supply and Sanitation Project) នេះទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាគម្រោងមួយដែលត្រូវបានអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ គម្រោងសាងសង់នេះត្រូវបានសិក្សាប្លង់ស្ថាបត្យកម្ម និងបទដ្ឋានបច្ចេកទេសលម្អិត ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសរួមមាន សម្ព័ន្ធក្រុមហ៊ុន Renardet S.A. ប្រទេសស្វីស ជាមួយក្រុមហ៊ុន SGAPI S.R.l. ប្រទេសអ៊ីតាលី និងក្រុមហ៊ុនដៃគូក្នុងស្រុកឈ្មោះ SBK Research & Development ដោយមានកិច្ចសហការល្អជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអង្គភាពគ្រប់គ្រងគម្រោង និងអគ្គនាយកដ្ឋានទឹកស្អាតរបស់ក្រសួង (MISTI) ដោយទទួលបន្ទុកសាងសង់ដោយក្រុមហ៊ុន China Civil Engineering Construction Corporation ហៅកាត់ថា CCECC នៃប្រទេសចិន ដែលជាក្រុមហ៊ុនមួយមានបទពិសោធន៍យូរឆ្នាំ មានជំនាញគ្រប់គ្រាន់ក្នុងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលទទួលជោគជ័យក្នុងការដេញថ្លៃនេះ ហើយគ្រោងនឹងរួចរាល់ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤៕