(កណ្តាល)៖ ដោយសារហូបទឹកប្តូរនិស្ស័យដែលគេនិយមហៅថាគ្រឿងស្រវឹងនោះ ធ្វើឲ្យបុរសពីរនាក់មានជម្លោះរហូតឈានដល់ការចាក់ធ្លាយពោះវៀន ។ ទោះបីយ៉ាងណា ជនដៃដល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន រីឯជនរងគ្រោះស្ថិតក្រោមការសង្គ្រោះ ។
មន្ត្រីតុលាការ បានឲ្យដឹងថា ជនដៃដល់មានឈ្មោះ វ៉ាង សុក អាយុ១៨ឆ្នាំ ជាជនជាតិវៀតណាម ត្រូវបានលោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ក្រោមការចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។
ចំណែកជនរងគ្រោះមានឈ្មោះ ង្វៀង យុំាងផាប ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរជាកម្មករសំណង់ ។
គួររំលឹកថា ហេតុការណ៍អំពើហិង្សានេះ កើតឡើងគឺបន្ទាប់ពីធ្វើសំណង់ហត់នឿយបានបបួលគ្នា ទិញស្រាបៀរចំនួន១កេសផឹកស៊ី។ ខណៈកំពុងផឹកនោះ ស្រាប់តែមានទំនាស់ពាក្យសម្តីនឹងគ្នា ដោយជជែកគ្នាតឹងសរសៃកររៀងៗខ្លួន ទើបបណ្តាលឲ្យឈ្មោះ ង្វៀង យុំាងផាប ខឹងច្រឡោតស្ទុះទៅវាយឈ្មោះ វ៉ាង សុក ។ ដោយសារឈ្មោះ វ៉ាង សុក មានមាឌតូចជាង ក៏រត់ចេញទៅផ្ទះ ហើយឈ្មោះង្វៀង យុំាងផាប នៅតែបន្តដេញតាមវាយ ទើបធ្វើឲ្យឈ្មោះ វ៉ាង សុក ទ្រាំមិនបានក៏ចូលទៅយកកូនកាំបិតចាក់ទៅលើឈ្មោះ ង្វៀង យុំាងផាប ត្រូវចំពោះផ្នែកខាងស្តាំ បណ្តាលឲ្យធ្លាយពោះវៀន តែម្ដង ៕