(ភ្នំពេញ)៖ កម្ពុជា-វៀតណាម បានឯកភាពគ្នាថា នឹងរួមគ្នាសហការរឹតបន្តឹង ការគ្រប់គ្រងការងារនៅច្រកទ្វារព្រំដែនអន្តរជាតិប្រទេសទាំងពីរ ដោយក្នុងនោះរាប់ទាំងការត្រួតពិនិត្យ ការចេញចូលឆ្លងកាត់ព្រំដែន ដោយអនុវត្តវិធានការរដ្ឋបាលផងដែរ។
ការពង្រឹងលើការងារនេះ គឺដើម្បីឲ្យការចេញចូល ឆ្លងកាត់ព្រំដែន ជុំវិញដំណើរការឆ្លងដែន រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កភាពងាយស្រួល សុវត្ថិភាពជូនអ្នកដំណើរឆ្លងកាត់ព្រំដែន ទាំងសងខាងក្នុងការប្រកបមុខរបររកស៊ី សួរសុខទុក្ខញាតិសន្តាន និងផ្លាស់ប្តូរទំនិញ។ នេះបើយោងតាមកំណត់ហេតុការងាររវាងគណៈប្រតិភូអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃកម្ពុជា និង គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមរៀតណាម។
យោងតាមកំណត់ហេតុការងាររបស់ភាគីទាំងពីរ ក្រៅពីការឯកភាពខាងលើនេះ ក៏បានឯកភាពគ្នា នួវចំណុចសំខាន់ៗមួយចំនួនទៀតដូចជា ភាគីទាំងពីរបានឯកភាព វាយតម្លៃលើការអនុវត្តកំណត់ហេតុ ធ្វើការដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ធ្វើនៅខេត្តសៀមរាបកន្លងមកនេះ។ ក្រៅពីនោះ ភាកីទាំងពីរ ក៏បានឯកភាពគ្នាបន្តអនុវត្តបណ្តាខ្លឹមសារ ដែលបានព្រមព្រៀងសម្រេច បានកាលពីប្រជុំលើកមុន ព្រមទាំងបង្កើនការផ្លាស់ប្តូរព័ត៌មាន សភាពការណ៍ពាក់ព័ន្ធដល់សន្តិសុខសង្គម សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាដើម។
ភាគីទាំងពីរ ក៏បានសម្រេចបន្តបង្កើនកិច្ចសហប្រតិបត្តិការបង្រ្កាបបទល្មើសឆ្លងដែន ដោយធ្វើឲ្យបានល្អ នូវការផ្លាស់ប្តូរព័ត៌មាន សហការបទល្មើស ក្នុងការបង្ការ និងបង្រ្កាបបទល្មើសផ្សេងៗ ព្រមតាំងសហការដោះស្រាយឲ្យបានទាន់ពេលវេលា។
ការឯកភាពរបស់ភាគីកម្ពុជា និងវៀតណាម នាពេលនេះ បានធ្វើឡើងខណៈដែលគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដឹកនាំដោយ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍ក្រសួងមហាផ្ទៃកម្ពុជា ជួបជាមួយលោក ហ្វាង ស៊ុន ជៀង មេបញ្ជាការកងទ័ពការពារព្រំដែន ក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមរៀតណាម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ និងក្រោយពេលដែល ភាគីកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាធ្វើកំណត់ហេតុការងារមួយ ដើម្បីបង្ហាញពីលទ្ធផល និងការឯកភាពគ្នាមួយចំនួន ខណៈដែល អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃកម្ពុជា ជួបជាមួយ ក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមរៀតណាម នៅអំឡុងដែលភាគូវៀតណាម បំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលពីរថ្ងៃ ពោលគឺនៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ៕