(ភ្នំពេញ)៖ មេដឹកនាំសាសនាជាន់ខ្ពស់និកាយកាតូលិក (Cardinal) នៃបុរីវ៉ាទីកង់ Miguel Ángel Ayuso Guixot ដែលមានតួនាទីជាប្រធានប្រឹក្សាសម្តេចសង្ឃ សម្រាប់កិច្ចសន្ទនាអន្តរសាសនា (ឋានៈស្មើរដ្ឋមន្ត្រី) បានបង្ហាញពីបំណងចង់មកលេងប្រទេសកម្ពុជា នៅពេលសមស្របណាមួយ។ នេះបើតាមអ្នកឧកញ៉ា គួច ម៉េងលី ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

មេដឹកនាំសាសនាចង់មកលេងស្រុកខ្មែរ ក្រោយលោក គួច ម៉េងលី អះអាងថា កម្ពុជាកំពុងអភិវឌ្ឍន៍ជាតិ ខណៈសេដ្ឋកិច្ចក៏ដំណើរការល្អ និងគ្មានសង្គ្រាមស៉ីវិល អំឡុងពេលលោកធ្វើដំណើរពិសេសនៅទ្វីបអឺរ៉ុប រយៈពេលចំនួន ៦ថ្ងៃកន្លងទៅថ្មីៗនេះ ក្រោមគម្រោងមួយមានឈ្មោះថា «Rome Monaco Paris (RMP) Friendship Tour January 2023 Provisional Program» ឬហៅជាខេមរភាសាថា «ដំណើរទស្សនកិច្ចមិត្តភាពទៅកាន់ទីក្រុងរ៉ូម ម៉ូណាកូ ប៉ារីស (RMP) ខែមករា ឆ្នាំ២០២៣»

បើតាមលោក គួច ម៉េងលី មហាជនបរទេសជាច្រើនកំពុងយល់ច្រឡំ ពីស្ថានភាពកម្ពុជានៅពេលបច្ចុប្បន្ន មុនពេលលោកបានជួប និងប្រឹងប្រែងពន្យល់ពួកគាត់ទាំងឡាយ។

លោក គួច ម៉េងលី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំមានអារម្មណ៍ថា ផ្នត់គំនិតរបស់មហាជន ប្រជាជនច្រើនគេគិតថា ខ្មែរយើងមានបញ្ហា។ ប្រទេសខ្មែរយើង នៅមានសង្គ្រាម មានទំនាស់ មិនមានសន្តិភាព។ នៅពេលយើងបានចែករំលែកឲ្យគេ គេមានការភ្ញាក់ផ្អើលខ្លាំង គេស្ទើរតែមិនចង់ជឿ។ អ្នកខ្លះទៀត Personally (ផ្ទាល់ខ្លួន) គេចង់មកលេងនៅស្រុកខ្មែរ ដូចជារដ្ឋមន្ត្រីខាងអន្តរក្រសួង គាត់ចង់មកលេងស្រុកខ្មែរ ក្នុងខែក្រោយៗទៀត នឹងមកលេង។ ខ្ញុំគិតថា ខ្ញុំនឹងស្វាគមន៍គេ ព្រោះគាត់ជារដ្ឋមន្ត្រីទទួលបន្ទុកអន្តរសាសនា។ អញ្ចឹងខ្ញុំគិតថា ខ្ញុំគួរតែស្វាគមន៍គេវិញ ដូចគេបានស្វាគមន៍ខ្ញុំពេញលក្ខណៈអញ្ចឹង ជាមួយព្រះតេជគុណ​ សាន សុជា»

លោកបន្ថែមថា គេមានការយល់ពីខ្មែរយើងនូវភាពអវិជ្ជមានច្រើន ទាំងការលូតលាស់ ទាំងការជឿនលឿន ទាំងសន្តិភាព និងទាំងសេដ្ឋកិច្ច។ នៅពេល លោកបានចែករំលែក និងទៅបំភ្លឺ ក្នុងនាមជាប្រជាពលរដ្ឋធម្មតា ធ្វើឲ្យគេមានការភ្ញាក់ផ្អើល ធ្វើឲ្យគិតថា កន្លងមកគេមានការយល់ច្រឡំ។

លោកបន្តថា ទាំងប្រជាជនទូទៅ ដែលលោកជួបនៅក្នុងប្រទេស ជាពិសេសពេលលោកទៅគេងផ្ទះគេ ទៅញ៉ាំបាយផ្ទះគេ និងទៅចូលលេងផ្ទះគេ ជនជាតិគេក៏គិតថាខ្មែរយើងជាប្រទេសដែលកំពុងតែមានអសន្តិសុខ ជាប្រទេសដែលអត់លូតលាស់ ជាប្រទេសដែលមានសង្គ្រាម។ អញ្ចឹងនៅពេលដែលលោកនិយាយប្រាប់គេ គេមានការភ្ញាក់ផ្អើលខ្លាំង ភ្ញាក់ផ្អើលរហូតដល់លោកគិតថា ខ្មែរយើងអត់ទាន់បានធ្វើកិច្ចការ ក្នុងការផ្សព្វផ្សាយទៅប្រទេសនានាឲ្យបានត្រឹមត្រូវ។

លោក គួច ម៉េងលី ចង់ឃើញរាជរដ្ឋាភិបាល បង្កើតបេសកកម្មបញ្ជូនតំណាងប្រជាជនធម្មតា មិនមែនក្នុងនាមរាជរដ្ឋាភិបាល ទៅបង្កើតសិក្ខាសាលានៅបរទេស ដើម្បីពន្យល់ជនបរទេស ឲ្យពួកគាត់បានដឹងពីទិដ្ឋភាពពិតរបស់កម្ពុជា។ លោកយល់ថា បើគេដឹងភាពពិត គេនឹងមកលេងស្រុកខ្មែរកាន់តែច្រើន។

លោក គួច ម៉េងលី ថ្លែងថា «យើងបានត្រឹមតែផ្សព្វផ្សាយទៅខ្មែរយើងនៅប្រទេសក្រៅឲ្យបានដឹង​ តែប្រជាជនបរទេសគេអត់បានដឹង ហើយបើអត់ដឹងគេអត់ងាយមកទេ អ្នកទេសចរក៏អត់មកដែរ។ អញ្ចឹងខ្ញុំគិតថា បើអាចឲ្យរាជរដ្ឋាភិបាល មានបេសកកម្មទៅក្រៅក្នុងនាមមួយជាប្រជាជនតំណាង ទៅប្រទេសអភិវឌ្ឍន៍ផ្សេងៗ ដើម្បីផ្សព្វផ្សាយនូវការអភិវឌ្ឍ ការជឿនលឿន និងដំណើរការសន្តិភាព របស់ខ្មែរយើង ដើម្បីឲ្យគេដឹងលឺ គេចូលរួម គេកោតសរសើរ ហើយគេមកលែងក្នុងនាមជាអ្នកទេសចរ ហើយខ្មែរក្លាយជាកន្លែងមួយដ៏អ៊ូរអរ ដ៏ឱឡារឹក ល្បីល្បាញ។ ខ្ញុំសោកស្តាយមែនទែន ដែលមហាជន ប្រជាពលរដ្ឋនៅស្រុកគេ ដែលគេអត់ដឹង គេដឹងតែអ្វីដែលកើតឡើងពីដើមមក គេអត់ដឹងថា បច្ចុប្បន្នភាពខ្មែរយើងយ៉ាងម៉េច។ កន្លែងនេះមួយ ធ្វើឲ្យខ្ញុំមានការព្រួយបារម្ភ ខ្ញុំមានការពិបាកក្នុងចិត្ត ដែលលើលោកនេះគេមើលមកខ្មែរយើង ក្នុងរូបភាពហ្នឹង។ អញ្ចឹងខ្ញុំគិតថា បើថ្ងៃក្រោយ រាជរដ្ឋាភិបាល អាចមានប្រជាពលរដ្ឋ តំណាងឲ្យប្រទេសខ្មែរ ចេញទៅបើកសិក្ខាសាលា ពន្យល់ ចែករំលែក ទៅដល់មហាជន ជនជាតិគេ កុំឲ្យទៅក្នុងនាមរាជរដ្ឋាភិបាល កុំទៅក្នុងនាមជួបខ្មែរ គឺទៅជួបជនជាតិគេតែម្តង ដើម្បីឲ្យគេដឹងថា ខ្មែរយើងមិនមែនដូចអ្វី ដែលគេគិតទេ។ ការចាប់អារម្មណ៍ ពីមហាជនស្រុកគេ ធ្វើឲ្យគេមកលេងខ្មែរ»។

សូមជម្រាបថា ថ្មីៗនេះ ព្រះតេជគុណ សាន សុជា, បូជាចារ្យកាតូលិក Will Conquer និងអ្នកឧកញ៉ា គួច ម៉េងលី បាននិមន្ត និងធ្វើដំណើរ នៅទ្វីបអឺរ៉ុប ដើម្បីចូលគាល់ សម្ដេចប៉ាប ហ្វ្រង់ស៉ីស នៅវិមានវ៉ាទីកង់ ប្រទេសអ៉ីតាលី ចូលរួមកម្មវិធីពិសេសនៅប្រទេសម៉ូណាកូ ព្រមទាំងចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទនៅទីក្រុងប៉ារីស លើប្រធានបទស្តីអំពី «ការកែប្រែជំនឿ នេក្ខម្មបារមី និងបរិស្ថានវិទ្យា»។

អ្នកឧកញ៉ា គួច ម៉េងលី និងព្រះតេជគុណ សាន សុជា គឺជាជនជាតិខ្មែរដ៏កម្រ ដែលមានឱកាសចូលគាត់សម្តេចប៉ាប។ កន្លងមក មានជនជាតិខ្មែរ ត្រឹមតែ ២រូបប៉ុណ្ណោះ ដែលបានចូលគាត់សម្តេចប៉ាប គឺសម្តេចឪ (ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ) នៅឆ្នាំ១៩៥០ និងសម្តេចព្រះមហាឃោសនន្ទ នៅឆ្នាំ១៩៨៦។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺជាស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំ សុខភាព សហគមន៍ និងសង្គម។ ថ្មីៗនេះ លោកត្រូវបានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជប្រកាសនីយប័ត្រ ផ្តល់គោរម្យងារកិត្តិយស ជា «បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍» ដោយសារសកម្មភាពជួយសង្គម។

ចំណែកឯព្រះតេជគុណ សាន សុជា គឺជាបុគ្គលល្បីលើបណ្តាញសង្គម ដែលអប់រំប្រជាជនខ្មែរលើសាកលលោក តាមរយៈការផ្សព្វផ្សាយធម្មទេសនា។ រីឯលោក Will Conquer គឺជាជនជាតិបារាំងកាត់អាមេរិក ដែលកំពុងបំពេញបេសកកម្ម ក្នុងនាមជាបូជាចារ្យសាសនទូត ផ្នែកកាតូលិក នៅកម្ពុជា៕