(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) នៃក្រសួងសុខាភិបាល ដោយមានការគាំទ្រ និងចង្អុលបង្ហាញពីថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការគាំទ្រពី លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមានកិច្ចសហការ និងគាំទ្រពីអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្តាញក្រុមប្រឈមមុខ នឹងការឆ្លងមេរោគអេដស៍ និងបណ្តាញយុវជនកាកបាទក្រហមកម្ពុជាដែលចូលរួមផ្សព្វផ្សាយលើការបង្ការជំងឺអេដស៍ និងគាំទ្រអ្នកផ្ទុកមេរោគអេដស៍និងក្រុមគ្រួសារ នៅទូទាំងប្រទេសកម្ពុជា។

ជាលទ្ធផលយោងតាមឯកសារទទួលបានពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ កម្ពុជាបានសម្រេចទិសដៅ ៩០បីដង នៅឆ្នាំ២០១៧ (បីឆ្នាំមុនកាលកំណត់) បច្ចុប្បន្ននេះ យើងក៏បានដាក់ចេញនូវទិសដៅ ៩៥បីដង នៅឆ្នាំ២០២៥។ យោងតាមការប៉ាន់ស្មានដោយអង្គការ UNAIDS ឆ្នាំ២០២១ បានឱ្យដឹងថា អត្រាប្រេវ៉ាឡង់ នៃមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យមាន ០,៦% ករណីឆ្លងថ្មីនៃមេរោគអេដស៍មាន ១.១០០ នាក់ និងករណីស្លាប់ដោយសារជំងឺអេដស៍ក៏មាន ១.១០០នាក់ដែរ។

ក្នុងអំឡុងពេលបីឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា ករណីឆ្លងថ្មី នៃមេរោគអេដស៍នៅទ្រឹង ហើយក្នុងចំណោមករណីឆ្លងថ្មី ១.១០០ នាក់នោះគឺ ៧៧% កើតឡើងនៅក្នុងចំណោមក្រុមប្រជាជនចំណុច និងដៃគូរួមភេទ របស់គាត់។ យើងក៏អាចនិយាយបានថា វាអាចបណ្តាលមកពីផលប៉ះពាល់ នៃជំងឺរាតត្បាតជាសកល គឺជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលអវិជ្ជមានដល់ការផ្តល់សេវាបង្ការ សេវាធ្វើតេស្តរកមេរោគអេដស៍ និងការព្យាបាល។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ អ្នកជំងឺអេដស៍ដែលកំពុងទទួលសេវាថែទាំ ព្យាបាល នៅតាមសេវាព្យាបាលជំងឺអេដស៍ ៧១ កន្លែងទូទាំងប្រទេស មានចំនួន ៦៤.១៨៤ នាក់ ធៀបនឹងចំនួនអ្នកផ្ទុកមេរោគ អេដស៍សរុបមាន ៧៤.០០០ នាក់ យោងតាមការប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍ ឆ្នាំ ២០២១។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគនៃក្រសួងសុខាភិបាល បានលើកឡើងថា អត្រាប្រេវ៉ាឡង់ក្នុងចំណោមក្រុមប្រឈមមុខខ្ពស់នៅមានកម្រិតខ្ពស់ គឺក្នុងចំណោមស្រ្តីធ្វើការ នៅតាមសេវាកម្សាន្តមាន ៤,៩% (IBBS-២០២២) និង ប្រេវ៉ាឡង់នៃមេរោគស្វាយ ១៨,៩% បុរសរួមភេទជាមួយបុរស ៤,០% (IBBS-២០១៩) និងក្រុមបំប្លែងភេទ ៩,៦% (IBBS-២០១៩) អ្នកប្រើប្រាស់គ្រឿងញៀន ៥,៧% (IBBS-២០១៧) និងអ្នកចាក់គ្រឿងញៀនមានរហូតដល់ ១៥,២% (IBBS-២០១៧)។

ដើម្បីជំរុញការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ នៅប្រទេសកម្ពុជា ពិសេសក្នុងចំណោម ក្រុមប្រឈម មុខខ្ពស់ មជ្ឈមណ្ឌលជាតិ និងអង្គការដៃគូអភិវឌ្ឍន៍បានរៀបចំដាក់ចេញនូវនវានុវត្តន៍ លើបទអន្តរាគមន៍ជាច្រើន ជាពិសេស ១)-ការអប់រំផ្សព្វផ្សាយទាំង ដោយជួបផ្ទាល់ និងតាមរយ: អនឡាញក្នុងគោលបំណងផ្តល់ព័ត៌មាន ទាក់ទងនឹងការបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍ និងកាមរោគ ដល់ប្រជាជនទូទៅ ជាពិសេសក្រុមដែល មានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ដើម្បីឱ្យពួកគាត់មានការ ផ្លាស់ប្តូរការប្រព្រឹត្តដែលមានហានិភ័យខ្ពស់ ទៅប្រកាន់យកនូវការប្រ ព្រឹត្តប្រកបដោយសុវត្ថិភាព និងទទួលបានសេវានានា ដែល ទាក់ទងនឹងជំងឺអេដស៍ និងកាមរោគឱ្យបានត្រឹមត្រូវ និងទាន់ពេល។

ជាពិសេសក្នុងឱកាលនេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សូមបើកសម្ភោធយុទ្ធនាការថ្មីមួយទៀត ដើម្បីចាក់ផ្សាយវីដេអូចំនួន ១០រឿង (ត្រូវជា ១៥ឃ្លីប) ថ្មីទៀត ព្រមទាំងសម្ភារអប់រំដ៏សម្បូរបែប។ វីដេអូរឿងទាំងនេះ នឹងឆ្លុះបញ្ចាំងទៅលើទិដ្ឋភាពសង្គម វប្បធម៌ ប្រពៃណី និងទំនាក់ទំនងស្នេហា តាមបរិបទថ្មីរវាងក្រុមយុវវ័យ ក្រុមប្រជាជនគោលដៅ និងប្រជាជនទូទៅ ក្នុងគោលបំណងផ្សព្វផ្សាយសារអប់រំស្តីពីការបង្ការថែទាំ ព្យាបាលជំងឺអេដស៍ និងកាមរោគ នៅកម្ពុជា។

លោកបានបង្ហាញការជឿជាក់ថា នឹងមានអ្នកចូលទស្សនាវីដេអូរឿងទាំងនេះជាច្រើន តាមរយ:បណ្តាញទំនាក់-ទំនងសង្គមទាំងបី គឺ Facebook YouTube និង Instagram ដែលមានឈ្មោះថា «ការពារខ្លួនអ្នក»។

លោកសង្ឃឹម ថា តាមរយ:ការទស្សនាខ្សែវីដេអូរឿងទាំងនេះ អ្នកទស្សនាទាំងអស់ ជាពិសេសក្រុមប្រឈមមុខខ្ពស់ និងជាពិសេសក្រុមយុវវ័យ នឹងទទួលបានព័ត៌មានជាក់លាក់ស្តីពី ការបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ឈានដល់ការផ្លាស់ប្តូរការប្រព្រឹត្តដែលប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ ទៅជាការប្រកាន់ខ្ជាប់នូវវិធានការបង្ការ ដូចជា ការប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងជាប់លាប់ រាល់ពេលរួមភេទ ការលេបថ្នាំប្រឹព(PreP) ការធ្វើតេស្តរកមេរោគអេដស៍ ការស្វែងរកសេវាព្យាបាលជំងឺកាមរោគ និងព្យាបាលជំងឺឱ្យបានឆាប់បំផុតនៅតាមសេវាដែលផ្តល់ជូនដោយក្រសួងសុខាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍នៅទូទាំងប្រទេស ដើម្បីចូលរួមកាត់បន្ថយការឆ្លងរាលដាលនៃមេរោគអេដស៍ និងឈានទៅសម្រេចបាននូវគោលដៅលុបបំបាត់ការឆ្លងថ្មី នៃមេរោគអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥៕