(សេអ៊ូល,កូរ៉េខាត្បូង)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកនៃវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-កូរ៉េ ដែលបានប្រារព្ធធ្វើទ្បើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

ពិធីនោះ ក៏មានការអញ្ជើញជាអធិបតីដោយលោក AHN Dukgeun រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សេដ្ឋកិច្ច និងឧស្សាហកម្មកូរ៉េ, លោក KANG Jae Kwon អនុរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច នៃក្រសួងការបរទេសកូរ៉េ និង លោកស្រីឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង និងមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុនធុរកិច្ច និងវិនិយោគសំខាន់ៗនៃប្រទេសទាំងពីរប្រមាណ ១៥០ក្រុមហ៊ុន។

ក្នុងពិធីនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានសម្ដែងការស្វា គមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោក លោកស្រីក្រុមហ៊ុនធុរកិច្ច និងវិនិ យោគិនទាំងអស់ ដែលបានចំណាយពេលវេលា និងផ្តល់កិត្តិយស ចូលរួមក្នុងវេទិកាធុរកិច្ច និងវិនិយោគដ៏មានសារៈសំខាន់នេះ និងបានកោតសរសើរ ចំពោះស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។

លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរក្នុងពេលកន្លងមក ដែលបានចូលរួមចំណែកយ៉ាង សំខាន់ដល់ការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-កូរ៉េ ដែលបានចូលធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

ទន្ទឹមនឹងនោះ លោក ប៉ាន សូរស័ក្តិ ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់ នៃការចូលរួមធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មរួមគ្នា រវាងវិស័យឯកជន ជាពិសេស សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ពីប្រទេសទាំងពីរ ក្នុងការពង្រីកកាលានុវត្តភាព និងការបង្កើតបណ្តាញធុរកិច្ចនិងវិនិយោគ តាមរយៈកិច្ចសន្ទនារវាងក្រុមហ៊ុនធុរកិច្ច ការផ្គូរផ្គងពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ជាដើម សំដៅអាចស្វែងយល់ឱ្យកាន់តែច្បាស់ អំពីការនាំចេញ តម្រូវការទីផ្សារ និងការលើកកម្ពស់ការបណ្តាក់ទុនរួមគ្នា។

លោក AHN Dukgeun រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ បានបានថ្លែងអំណរគុណ ជូនចំពោះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានឆ្លៀតពេលពីកម្មវិធីការងារ ដ៏មមាញឹក អញ្ជើញចូលរួមបើកវេទិកាដ៏សំខាន់នេះ។

លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូរធនធានមនុស្ស។

លោករដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ មានជំនឿទុកចិត្តថា ការចូលជាធរមាននៃកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងបង្កើនទំនុកចិត្ត និងជំរុញបន្ថែម ទៀតនូវទំហំពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ហើយតាម រយៈនេះ លោករដ្ឋមន្ត្រី ក៏បានផ្តោតសំខាន់លើទិសដៅគោលនយោបាយ មួយចំនួនរួមមាន ការពង្រីកនិងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង រួមបញ្ចូលទាំងថាមពលស្អាត ជាដើម។

លោករដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ ក៏បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការជោគជ័យដ៏ត្រចះត្រចង់ក្នុងការដឹកនាំធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ជាពិសេសបានកោតសរសើរចំពោះ លោករដ្ឋមន្ត្រីផ្ទាល់ ដែលបានទទួលជោគជ័យក្នុងការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ។

ជាមួយគ្នានោះ លោកអនុរដ្ឋមន្រ្តី នៃក្រសួងការបរទេសកូរ៉េ ក៏បានវាយតម្លៃ ខ្ពស់ចំពោះការរៀបចំវេទិកានេះ និងបានសម្តែងសុទិដ្ឋិនិយមថា កិច្ចព្រម ព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា នឹងចូលរួមចំណែកលើក កម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរផងដែរ។

លោករដ្ឋមន្ត្រី បានជម្រាបផងដែរថា ក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជា មាន ចំណាត់ថ្នាក់ទី១ ដែលទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ពីកូរ៉េ និងបានបញ្ជាក់ផងដែរថា កម្ពុជាជាដៃគូដ៏ល្អនៅក្នុងតំបន់អាស៊ាននិងមេគង្គ។