(វៀតណាម)៖ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ដែលមានរយៈពេល១០ថ្ងៃមកនេះ នៅថ្ងៃចុងក្រោយនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ លោកហ៊ុល ផានី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ដែលមានស្ថានឯកអគ្គរាជទូតនៅទីក្រុងហាណូយ បានអនុញ្ញាតអោយប្រតិភូអ្នកសារព័ត៌មានកម្ពុជា ចូលជួបសំដែងការគួរសម និងសំណេះសំណាលការងារមួយចំនួន។
ក្រៅពីសាកសួរសុខទុក្ខគ្នាទៅវិញទៅមក ឯកអគ្គរាជទូតក៏បានថ្លែងរៀបរាប់ពីដំណើរការការងារមួយចំនួនរបស់លោកក្នុងការដែលលោកបានមកធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម អស់រយៈពេល៦ឆ្នាំកន្លងមក ហើយនឹងត្រូវចប់អាណត្តុិឆាប់ៗនេះ។ ពាក់ព័ន្ធប្រជាពលរដ្ឋខ្មែរយើងធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ជាពិសេសវៀតណាមប៉ែកខាងជើងនេះគឺមានចំនួនតិចតួចណាស់ លើកលែងតែទៅវៀតណាមខាងត្បូង និងភាគកណ្ដាលតែប៉ុណ្ណោះដែលមានចំនួនច្រើន។
បច្ចុប្បន្ននៅទីក្រុងហាណូយមាននិស្សិតកម្ពុជាមករៀនចំនួន៦១១នាក់ដោយរដ្ឋាភិបាលវៀតណាម ផ្ដល់អាហារូបករណ៍ក្នុង១ឆ្នាំៗ ចំនួន១០០នាក់។ ប៉ុន្តែសំរាប់ជនជាតិវៀតណាមទៅធ្វើទេសចរនៅប្រទេសកម្ពុជាវិញគឺមានចំនួនច្រើន ហើយសំរាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញវិញ ហោះទៅកម្ពុជា១២ជើងក្នុង១ថ្ងៃ នេះនៅមិនទាន់គិតពីភ្ញៀវធ្វើដំណើរតាមរថយន្ត និងតាមផ្លូវទឹកនៅឡើយទេ។
លោកឯកអគ្គរាជទូតក៏បានលើកឡើងថាបច្ចុប្បន្ន ការងារការទូត និងទំនាក់ទំនងការងារគឺមានសកម្មភាពល្អប្រសើរដោយប្រទេសទាំងពីរមានទំនាក់ទំនងល្អនឹងគ្នា៕