(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគុណភាពសេវាទូរសព្ទ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ ក្នុងបុរីប៉េងហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងនោះក៏មានការចូលរួមពីក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅតាមបុរីទាំង៨ក្រុមរបស់ក្រសួង ម្ចាស់បុរី ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ប្រតិបត្តិករផ្ដល់សេវាអុីនធឺណេត ប្រតិបត្តិករសាងសង់បង្គោលអង់តែន និងប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងបុរីប៉េងហួត សរុបប្រមាណ២៩៤នាក់។

ថ្លែងក្នុងឱកាសនោះ លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា តាមរយៈការដោះស្រាយបញ្ហាផ្ទាល់​ និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត នៅក្នុងបុរីមានភាពល្អប្រសេីរជាងមុន​៧០%។​ បន្ទាប់ពីក្រុមការងារបានសាងសង់ «បង្គោលអង់តែនរួម» បន្ថែមចំនួន១២បង្គោល ដែល «បង្គោលអង់តែនរួម» នីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិកររហូតដល់៣ក្រុមហ៊ុន។ គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣​នេះ ស្ថានីយ៍អង់តែនបន្ថែមចំនួន២៩ បានដាក់ឲ្យដំណើរការ ហេីយប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយ៍អង់តែនបន្តទៀត រហូតគ្រប់ចំនួនតាមការគ្រោងទុក។

ក្នុងដំណេីរការពង្រឹកគុណភាពសេវានេះ​ មានប្រជាពលរដ្ឋមួយចំនួនតូច បានតវ៉ាមិនឲ្យសាងសង់​ ហេីយលោករដ្ឋមន្ត្រីបានជម្រាបជូនថា​ នឹងស្ដាប់មតិភាពច្រេីន​ ប្រសិនមានមានប្រជាពលរដ្ឋលេីសពី៧០ភាគរយ​ មានសំណូមពរ​លោករដ្ឋមន្ត្រី នឹងគោរពស្នេីសុំគោលការណ៍ដេីម្បីសាងសង់នៅគម្រោងទី២នោះ។

លើសពីនេះទៀត ក.ប.ទ. បានចាត់តាំងក្រុមការងារចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរីក្នុងការជំរុញគុណភាពសេវា។ បន្ថែមលើនេះ ក.ប.ទ. បានទិញឧបករណ៍វាស់ស្ទង់សេវាដែលបំពាក់លើរថយន្ត (Driver Test)​ សម្រាប់ធ្វើការវាស់ស្ទង់គុណភាពសេវា ដើម្បីជំរុញឲ្យប្រតិបត្តិករកែលំអរសេវា ឬវិនិយោគបន្ថែម។

តាមរយ:បទពិសោធ នៃការពង្រឹងគុណភាពសេវានៅបុរីប៉េងហួតបឹងស្នោនេះ​ ក្រសួងនឹងយកទៅអនុវត្តនៅតាមបុរីផ្សេងទៀត​ ព្រមទាំងពង្រឹងសេវានៅតាមខណ្ឌទាំង១៤​ ក្នុងរាជធានីភ្នំពេញ​ បន្ថែមទៀតដំណាលគ្នា​ ដោយចាប់ផ្ដេីមពីខណ្ឌដូនពេញមុនគេ។

លោករដ្ឋមន្ត្រី បានបន្តថា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាព នៃការផ្តល់ទិន្នន័យ និងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់ ក.ប.ទ. បានដាក់ឲ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត «MPTC Speed Test» ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លើសពីនេះទៀត ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាទូរសព្ទ ឬអ៊ីនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចរាយការណ៍មកនិយ័តករទូគមនាគមន៍កម្ពុជា ដើម្បីប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ។

ឆ្លៀតក្នុងនាឱកាសនោះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលេីកឡេីងពីគោលបំណងស្នេីសុំទៅរាជរដ្ឋាភិបាល ក្នុងការសាកល្បងដំណេីរសេវា​ 5G នាពេលអនាគត​ នៅបុរីប៉េងហួតមុនគេ​ និងស្នេីឲ្យអ្នកមានលទ្ធភាពអាចទិញទូរសព្ទ ដែលអាចប្រេីបានទាំង​ 4G និង​ 5G​ ឲ្យបានកាន់តែច្រេីន​ ព្រោះបច្ចុប្បន្នមានត្រឹមប្រមាណ៤០ម៉ឺនគ្រឿង៕