(ក្រចេះ)៖ សាកលវិទ្យាល័យក្រចេះ បានបើកវគ្គសិក្សាស្តីពីសហគមន៍អាស៊ី «ឆ្ពោះទៅរកការបង្កើតសហគមន៍អាស៊ី៖ ការកសាងសមត្ថភាពយុវជន សម្រាប់ការអភិវឌ្ឍសហគមន៍ ប្រកបដោយនិរន្តរភាព» ដែលវគ្គសិក្សានេះធ្វើឡើងដោយមានកិច្ចសហការជាមួយក្រសួងអបរំ យុវជន និងកីឡា និងការឧបត្ថម្ភដោយ Eurasia Foundation, Japan។

គោលបំណងនៃវគ្គសិក្សានេះ ដើម្បីបណ្តុះបណ្តាលដល់និស្សិត និងសិក្ខាកាមពង្រឹង និងពង្រីកនូវចំណេះដឹងបន្ថែម ពីការសិក្សាតាមកម្មវិធីសិក្សារបស់ពួកគេ តាមរយៈបទពិសោធន៍ល្អៗរបស់គ្រូឧទ្ទេសជាជនជាតិបរទេស និងជនជាតិខ្មែរនៅក្នុងវគ្គសិក្សាទៅតាមប្រធានបទនីមួយៗ។

កម្មវិធីវគ្គសិក្សានេះមានរយៈពេល៤ខែ ចាប់ពីថ្ងៃទី១៨ ខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៣ ហើយរៀងរាល់១សប្តាហ៍ រៀនតែ១ថ្ងៃតែប៉ុណ្ណោះ ក្រោយបញ្ចប់វគ្គសិក្សាសាកលវិទ្យាល័យ នឹងចេញនូវលិខិតបញ្ជាក់ការសិក្សាជូនសិស្ស និស្សិតផងដែរ ហើយនេះជាសប្តាហ៍ទី២ នៃវគ្គសិក្សានេះ។

ជាក់ស្តែងនៅក្នុងវគ្គសិក្សាសប្តាហ៍ទី២នេះដែរ ក៏មានវាគ្មិន២រូប ដែលអញ្ជើញមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺលោកស្រី ឡុច ល័ក្ខស្មី ដែលធ្វើបទបង្ហាញអំពីប្រធានបទ «ចំណេះដឹង និងការពង្រឹងសមត្ថភាពនៅក្នុងបរិបថសង្គមបច្ចុប្បន្ន» និងលោកបណ្ឌិត Chung Joon Kon ប្រធាននៃគម្រាង Eurasia Foundation , Japan ធ្វើបទបង្ហាញអំពីប្រធានបទ-ហេតុអ្វីបានជាយើងគួរមានសហគមន៍អាស៊ី៖ ចំណុចចាប់ផ្តើមនៃសហគមន៍អាស៊ី។

សូមបញ្ជាក់ថា សាកលវិទ្យាល័យក្រចេះ តែងតែទំនាក់ទំនងជិតស្និតជាមួយដៃគូលើកិច្ចសហប្រតិបត្តិការនានា ពិសេសសហប្រតិបត្តិការដៃគូក្នុងវិស័យអប់រំ ដើម្បីបញ្ជ្រាបដល់សិស្សនិស្សិត តាមរយៈការធ្វើសិក្ខាសាលា បាឋកថា និងវគ្គបណ្តុះបណ្តាលនានា ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត លើផ្នែកចំណេះដឹង ជំនាញ និងបរិបទ នៃវប្បធម៌រស់នៅក្នុងសង្គមជាក់ស្តែងក៏ដូចជាដំណើរ នៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោកទាំងមូលផងដែរ។

តាមរយៈប្រធានបទខាងលើនេះ គឺសំដៅធ្វើយ៉ាងណាដើម្បីឲ្យសហគមន៍របស់យើងមានភាពខ្លាំងក្លា មានសុខសន្តិភាព និងស្ថេរភាពនយោបាននៅក្នុងតំបន់។ សហគមន៍មួយមានភាពសុខដុមរមនា និងភាពខ្លាំងក្លាទៅបានក៏អាស្រ័យលើភាពខ្លាំងរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមរយៈការកសាងសមត្ថភាពរបស់ពួកគេ៕