(ភ្នំពេញ)៖ បុរសចំណាស់ម្នាក់មានជំងឺសរសៃប្រសាទ ហើយខានលេបថ្នាំព្យាបាល ស្រាប់តែរើឡើងក៏បានវាយសម្លាប់ប្រពន្ធខ្លួនឯង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីមូលដ្ឋានបានឲ្យដឹងថា ជនដៃដល់ជាប្ដីឈ្មោះ ស៊ាង សេត អាយុ៥៩ឆ្នាំ កំពុងរត់គេចខ្លួនហើយនគរបាល ក៏កំពុងតាមចាប់ខ្លួនផងដែរ។ ចំណែកស្រ្តីជាប្រពន្ធដែលជនរងគ្រោះឈ្មោះ លី សុភា អាយុ៥៤ឆ្នាំ។

នៅមុនពេលកើតហេតុ ខណៈកូនចៅរវល់ចេញក្រៅអស់ ពួកគាត់បានស្នាក់នៅក្នុងផ្ទះកើតហេតុតែ២នាក់ប៉ុណ្ណោះ ក្រោយមកពុំដឹងថា មានរឿងអ្វីកើតឡើងទេ ទើបប្ដីវាយសម្លាប់ប្រពន្ធ។ហេតុការណ៍នោះបានកើតឡើងតាំងពីវេលាម៉ោង១រសៀលមកម្ល៉េះ ហើយពុំមាននរណាបានដឹងឡើយ ប៉ុន្តែនៅវេលាម៉ោងជាង៤ល្ងាច អ្នកជិតខាងបានឃើញបុរសជាប្ដីដើរចេញពីក្នុងផ្ទះ ដោយកាន់ដំបងដែកបំពង់ទើប១កំណាត់ តែពុំបានចាប់អារម្មណ៍ថា គាត់វាយសម្លាប់ប្រពន្ធនោះទេ។

ក្រោយមកនៅពេលកូនចៅគាត់ចូលដល់ផ្ទះ ទើបឃើញម្ដាយដេកស្លាប់នៅក្នុងថ្លុកឈាម នៅក្នុងបន្ទប់ឡៅតឿ ក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើល ហៅក្រុមសង្រ្គោះអង្គភាព៧១១ ទៅដើម្បីដឹកយកទៅសង្រ្គោះដែរ ប៉ុន្តែពេលទៅដល់ពិនិត្យឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ៕