(ត្បូងឃ្មុំ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន Sela Pepper នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក ឌិត ទីណា បានពិនិត្យបន្ទប់ពិសោធន៍ ខ្សែច្រវ៉ាក់ផលិតកម្មតាំងពីការសម្អាត រហូតដល់ការវេចខ្ចប់ ព្រមទាំងស្តង់ដាអនាម័យ និងភូតគាមអនាម័យ នៃម្រេចសរីរាង្គ។ ម្រេចសរីរាង្គខ្មែរ មានការពេញនិយម មានតម្រូវការខ្ពស់ និងទាមទារការផ្សព្វផ្សាយបន្ថែម ឲ្យកាន់តែទូលំទូលាយ ដើម្បីនាំចេញ។

បន្ទាប់មកទៀត លោករដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ជាមួយប្រជាកសិករសមាគម អ្នកដាំម្រេចសរីរាង្គ និងបានលើកទឹកចិត្តកសិករ ឲ្យធ្វើការដាំម្រេច តាមលក្ខណៈបច្ចេកទេស ដើម្បីទទួលគុណភាពស្តង់ដាល្អ ឆ្លើយតបនឹងតម្រូវទីផ្សារ និងមានតម្លៃខ្ពស់។

សូមជម្រាបផងដែរថា ក្រុមហ៊ុន Sela Pepper ទទួលបានវិញ្ញាបនបត្រស្តង់ដាសរីរាង្គពី Control Union CU 871246, USDA Organic, និង JAS Control Union Certifications។ ក្រុមហ៊ុនមានគោលដៅ នាំចេញម្រេច ទៅកាន់ប្រទេសគោលដៅជាច្រើនដូចជាតៃវ៉ាន់ សហរដ្ឋអាមេរិក អាឡឺម៉ង់ ប៉ូឡូញ និងប្រទេសមួយចំនួនទៀត នៅអាស៊ីផងដែរ៕