(ភ្នំពេញ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង ក្រុមការងារមន្ទីរអង្គភាព ចំណុះរដ្ឋបាលខេត្ត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ បានចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងនាំអំណោយផ្តល់ជូនប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលកំពុងស្នាក់បណ្តោះអាសន្ន តាមបណ្តោយព្រែកថី ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ហាក់ សុខមករា បានបន្តចុះត្រួតពិនិត្យទីតាំងការដ្ឋានសាងសង់កន្លែងស្នាក់នៅបណ្តោះអាសន្នជូនប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនោះផងដែរ និងបាននាំយកនូវអំណោយរបស់រដ្ឋបាលខេត្តកណ្តាល ចែកជូនប្រជាពលរដ្ឋនាពេលនេះ សរុបចំនួន២២គ្រួសារ ដែលរស់នៅភូមិព្រែក សំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
អំណោយទាំងនោះរួមមាន៖ ក្នុង១គ្រួសារទទួលបាន អង្ករ ២០គីឡូ, មី១កេស, ទឹកសុទ្ធ ១កេស ប្រមទាំងថវិកា២០ម៉ឺនរៀល។
រដ្ឋបាលខេត្តកណ្តាល បានរៀបចំផ្ទះជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង តាមបណ្តោយព្រែកថី នៅពេលនេះ បានទទួលផ្ទះចូលស្នាក់នៅជាបណ្តោះអាសន្ន រួមទាំងបន្ទប់ទឹក បង្គន់ អនាម័យ ប្រព័ន្ធបណ្តាញទឹក អគ្គិសនី សម្រាប់ប្រជាពលរដ្ឋរងគ្រោះគ្រប់ៗគ្នា ផងដែរ៕