(រតនគិរី)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី លោក លីវ ស្រេង នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានកោះហៅព្រះរាជអាជ្ញារងទាំងអស់របស់លោក មកសួរនាំ ក្រោយមានព័ត៌មានថា មានព្រះរាជអាជ្ញាម្នាក់នៅក្នុងខេត្តនេះ ជាប់ពាក់ព័ន្ធ និងអំពើពុករលួយ រកស៊ីឈើខុសច្បាប់ដោយឲ្យប្រពន្ធរបស់ខ្លួនជាអ្នកកាន់កាប់។
លោក លីវ ស្រេង បានថ្លែងប្រាប់អង្គភាព Fresh News ថា «ក្រោយទទួលបានព័ត៌មានដែលត្រូវបានចុះផ្សាយភ្លាម ខ្ញុំបានកោះហៅព្រះរាជអាជ្ញារងរបស់ខ្ញុំ ទាំងអស់មកសួរនាំ តើមាននរណាជាប់ពាក់ព័ន្ធ ក្នុងបទល្មើសមួយនេះទេ? ប៉ុន្តែក្រោយការសួរនាំមកគឺអត់មានទេ ខ្ញុំសូមធ្វើការបដិសេធ»។
បើតាមព្រះរាជអាជ្ញារូបនេះ មូលហេតុដែលនាំមានព័ត៌មានកើតឡើង និងធ្វើការចោទប្រកាន់ទៅលើស្ថាប័នរបស់លោកនោះ អាចមកពីមានការមិនពេញចិត្តពីសំណាក់បុគ្គលមួយចំនួន ដែលរកស៊ីខុសច្បាប់ ហើយត្រូវខាងលោកដឹកនាំចុះបង្ក្រាបនាពេលកន្លងទៅ។
សូមបញ្ជាក់ថា ការចេញមកលាងភាពស្អាតស្អំពីសំណាក់លោក លីវ ស្រេង ខាងលើនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានទទួលលិខិតមិត្តអ្នកអានពីខេត្តរតនគិរីចំនួន៣ច្បាប់ ដោយរៀបរាប់ ពីសកម្មភាពពុករលួយមួយចំនួន របស់ព្រះរាជអាជ្ញាម្នាក់នៅខេត្ត ជាប់ព្រំដែនប្រទេសវៀតណាមមួយនេះ និងប្រពន្ធរបស់ខ្លួន ដោយជាប់ពាក់ព័ន្ធសកម្មភាព លួចរកស៊ីឈើប្រណិត នាំចេញទៅកាន់ប្រទេសវៀតណាម យ៉ាងរលូនដោយគ្មានមន្រ្តីថ្នាក់ណាហ៊ាន ចុះទៅបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋដែលជាម្ចាស់លិខិត ទំនងជាមន្រ្តីសមត្ថកិច្ចនៅខេត្តរតនគិរី ហើយដឹងរឿងនេះច្បាស់បានលើកឡើងថា មានព្រះរាជអាជ្ញាម្នាក់ (សុំមិនទាន់ ទម្លាយឈ្មោះ) បានឲ្យប្រពន្ធរបស់ខ្លួនរកស៊ីប្រមូលទិញឈើប្រណិត នៅតាមកន្លែងនានានៅក្នុងខេត្ត រួចលួចនាំចេញទៅកាន់ប្រទេសវៀតណាម តាំងពីយូរមកហើយ រហូតមកដល់ពេលនេះ គ្មានសមត្ថកិច្ច និងអាជ្ញាធរខាងណា ហ៊ានធ្វើការទប់ស្កាត់នោះឡើយ ពីព្រោះគ្រាន់តែឮឈ្មោះព្រះរាជអាជ្ញា គឺម្នាក់ៗនៅឲ្យស្ងៀមយ៉ាងត្រជាក់ល្ហឹមតែម្តង។
បើតាមលិខិតមិត្តអ្នកអានដដែលនេះបានបង្ហាញទៀតថា ព្រះរាជអាជ្ញារូបនោះ មានដៃជើង ឬអ្នកដែលមើលការខុសត្រូវលើការ ដើរប្រមូលលុយដាក់ខែ ពីក្រុមឈ្មួញមាន២នាក់ ជាប៉ូលិសសេដ្ឋកិច្ច មានឈ្មោះ ឈុន និងអាម៉ៅ ចំណែកដៃជើងរបស់ប្រពន្ធព្រះរាជអាជ្ញារូបនោះមានគ្នា៣នាក់ ឈ្មោះ អាណាក់, អានាថ និងអាម៉ី អ្នករៀបចំចាត់ចែងពាក់ព័ន្ធរឿងឈើនាំចេញទៅវៀតណាម។
លិខិតមិត្តអ្នកអាន ក៏បានស្នើទៅអង្គភាពប្រឆាំងអំពើពុករលួយ របស់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ជួយស្រាវជ្រាវនូវអំពើពុករលួយនេះផង បើមិនអ៊ីចឹងទេ អ្នកដែលបង្កើតច្បាប់ ទៅអង្គុយលើច្បាប់ និងជាន់ឈ្លីច្បាប់យ៉ាងដូច្នេះទៅវិញ តើឲ្យរាស្រ្តចូលរួមគោរពច្បាប់ម្តេចទៅកើត?
សូមបញ្ជាក់ថា បើទោះរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដើម្បីបង្ក្រាបការនាំចេញឈើទៅក្រៅ ប្រទេសយ៉ាងណាក៏ដោយនោះ តែសម្រាប់សកម្មភាពដឹកជញ្ជូនឈើត្រូវបានគេមើលឃើញថា នៅតែកើតមានឡើងដដែល ប៉ុន្តែគ្រាន់តែមានការ ថយចុះតែប៉ុណ្ណោះ៕