(ភ្នំពេញ)៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានទទួលជួបជាមួយនាយរដ្ឋមន្រ្តីថ្មីនៃប្រទេសឡាវ និងបានលើកពីបញ្ហាព្រំដែនកម្ពុជា-ឡាវ ដោយបានជំរុញឱ្យមានការដោះស្រាយបញ្ហានេះ ឱ្យបានឆាប់រហ័ស សំដៅប្រែក្លាយពីព្រំដែនជំលោះ ទៅជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ។
ក្នុងឱកាសទទួលជួបសវនការ និងសម្ដែងការគួរសមជាមួយលោក ថងលួន ស៊ីសូលីដ នាយករដ្ឋមន្ត្រីថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាវិមានរដ្ឋសភាជាតិ សម្ដេច ហេង សំរិន បានគូសបញ្ជាក់ថា កម្ពុជា-ឡាវ ជាអ្នកជិតខាងផង និងជាបងប្អូនផង ហើយប្រជាជនកម្ពុជាទូទាំងប្រទេស មានសេចក្តីសោមនស្សរីករាយបំផុត ដោយបានឃើញប្រទេសឡាវមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម យ៉ាងឆាប់រហ័ស ក្នុងនោះ ជីវភាពរស់នៅរបស់ប្រជាជនឡាវ កាន់តែត្រូវបានលើកកម្ពស់ជាលំដាប់។ ម្យ៉ាងទៀត សម្ដេច ហេង សំរិន ក៏មានជឿជាក់យ៉ាងមុតមាំថា ប្រជាជនឡាវនឹងបន្តទទួលបានជោគជ័យថ្មីៗ ថែមទៀត ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព នាពេលខាងមុខ។
សម្ដេច ហេង សំរិន ហាក់ដូចជាមានការយកចិត្តទុកដាក់ ចំពោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរជាខ្លាំង ដោយសម្ដេចបានលើកសង្កត់ធ្ងន់ថា «ខ្ញុំសូមជំរុញ និងគាំទ្រឲ្យរដ្ឋាភិបាល នៃប្រទេសទំាងពីរ បន្តពិភាក្សាដោះស្រាយបញ្ហាព្រំដែលដែលនៅសេសសល់ ដើម្បីឲ្យដំណើរការបោះបង្គោលព្រំដែន បញ្ចប់ឲ្យបានឆាប់ សំដៅប្រែក្លាយព្រំដែននៃប្រទេសយើងទំាងពីរ ជាព្រំដែន មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព»។
ជាមួយគ្នានេះ សម្ដេចប្រធានរដ្ឋសភា ក៏បានអបអរសាទរ ចំពោះលោក ថងលួន ស៊ីសូលីដ ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្នី នៃប្រទេសឡាវ សម្រាប់អាណត្តិថ្មីនេះ។ លើសពីនេះ រដ្ឋសភាកម្ពុជា នៅតែបន្តគាំទ្រចំពោះអនុស្សារណៈ នៃកិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលប្រទេសទំាងពីរបានធ្វើរួមគ្នា កន្លងមក និងជំរុញ បន្តពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍បន្ថែមទៀត។
សូមជម្រាបថា ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឡាវ នាពេលនេះ បានឆ្លុះបញ្ចាំងពីការបន្តពូនជ្រុំ រឹតបន្តឹងទំនាក់ទំនចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងប្រទេសឡាវ ឲ្យកាន់តែរឹងមាំខ្លាំងក្លាទ្វេដង ថែមទៀត៕