(កណ្តាល)៖ វគ្គបំប៉នស្តីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្ត នាពេលនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពន្លឿនដល់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមផែនការ ដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៣ ត្រូវជំរុញអនុវត្តឲ្យបាន ១៦០,០០០ក្បាលដី និងឈានដល់ការចេញបណ្ណឲ្យចប់សព្វគ្រប់ក្នុងខេត្តកណ្តាលនាពេលឆាប់ៗខាងមុខនេះ។

លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីបើកវគ្គបំប៉ន រយៈពេល១ថ្ងៃ ស្តីពីការងារចុះបញ្ជីដីធ្លីកាលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្តាល។

លោកបន្តថា «វគ្គបណ្តុះបណ្ដាលនេះ អាចដំណើរការនៅបានដោយសារតែមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបាន ផ្តល់គ្រូឧទ្ទេសដែលមានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ល្អៗ ដើម្បីចែករំលែកជូនដល់សិក្ខាកាមទាំងអស់ សំដៅជំរុញការចុះបញ្ជីដីធ្លីនៅក្នុងខេត្តកណ្តាល ឱ្យចប់តាមផែនការដែលបានដាក់ចេញ»

លោកបានបាន ជំរុញក្រុមការងារចុះបញ្ជីដីធ្លីមកពីបណ្តាក្រុង-ស្រុកទាំង១១ ក្នុងខេត្តកណ្តាល ត្រូវបន្តខិតខំអនុវត្តការងារ និងផ្តល់ការសហការ ដើម្បីវាស់វែងចេញប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ពិសេសបណ្ណ ដែលនៅសេសសល់ ត្រូវពន្លឿនដើម្បីចែកជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

នាឱកាសនោះ លោក វុឌ្ឍី វណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ក៏បានជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមត្រងត្រាប់ស្តាប់ និងកត់ត្រា ប្រកបដោយការទទួល ខុសត្រូវខ្ពស់ និងទទួលយកនូវចំណេះដឹងថ្មីៗ រួមជាមួយនឹងបទពិសោធន៍ល្អៗ ពីវាគ្មិន ដែលនឹងធ្វើការណែនាំបណ្តុះបណ្តាល បង្ហាត់បង្រៀន ចែករំលែកជូនក្នុងវគ្គបំប៉ននេះ ដើម្បីពង្រឹងសមត្ថភាពជំនាញ ក្នុងការអនុវត្តជាក់ស្ដែងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើង ប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។

លោកបានបញ្ជាក់ថា ក្នុងវគ្គបំប៉នរយៈពេល១ថ្ងៃនេះ សិក្ខាកាមទាំងអស់ នឹងទទួលបាននូវចំណេះដឹងដូចជា៖ ១-ក្រុមសីលធម៌វិជ្ជាជីវៈ និងការរៀបចំផែនការ ២-លក្ខណៈទូទៅ នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ៕