(សេអ៊ូល, ប្រទេសកូរ៉េ)៖ ក្នុងដំណើរដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងវេ ទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានចូលជួបជាបន្តបន្ទាប់ជាមួយ អាជ្ញាធរពាក់ព័ន្ធ របស់កូរ៉េខាងត្បូង ដើម្បីជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង ឱ្យកាន់តែល្អប្រសើរ។

នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ បានដឹកនាំគណៈប្រតិភូ និងវិស័យឯកជនពាក់ព័ន្ធរបស់កម្ពុជា ចូលជួបពិភាក្សាការងារជាមួយ លោក Byung-Kwan Kim ប្រធានសមាគមអ្នកនាំចូលកូរ៉េ និងសហការី ក្នុងគោលបំណងជំរុញ ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ក្នុងជំនួបពិភាក្សានេះ ក៏មានវត្តមានចូលរួមរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានលើកទឹកចិត្តសមាជិកសមាគមអ្នកនាំចូលកូរ៉េ ឱ្យទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជា និងកូរ៉េ ជាសមាជិក ដែលរួមមានជាអាទិ៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន -កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងកិច្ចព្រម ព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបនឹងចូលជាធរមានកាលពីថ្ងៃ ទី១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ និងក៏ដូចជាការការលើកទឹកចិត្តនានានៅ ក្រោមច្បាប់ស្តីពីវិនិយោគថ្មី។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានផ្តោតសំខាន់ថា ខណៈកិច្ចព្រមព្រៀងពាណិជ្ជ កម្មទាំងនោះ បានផ្តល់ទីផ្សារអនុគ្រោះ និងលក្ខខណ្ឌអំណោយផលសម្រាប់ ផលិតករ អ្នកនាំចេញ នាំចូល ទាំងកម្ពុជា និងកូរ៉េ ក្នុងការជំរុញការធ្វើពាណិ ជ្ជកម្ម និងវិនិយោគ ទៅវិញទៅមក កិច្ចព្រមព្រៀងទាំងនោះ ក៏នឹងដើរតួនាទី សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

លោកប្រធានសមាគមអ្នកនាំចូលកូរ៉េ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានឆ្លៀតពេលដ៏មមាញឹកផ្តល់កិត្តិយសអញ្ជើញទស្សនកិច្ច និងពិភាក្សាការងារនៅទីស្នាក់ការរបស់សមាគមអ្នកនាំចូលកូរ៉េ នាទីក្រុងសេអ៊ូល។

លោកប្រធានបានសម្តែងសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ នឹងលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ លោកប្រធាន នឹងជំរុញសមាជិកសមាគមអ្នកនាំចូលកូរ៉េ ឱ្យពិនិត្យលទ្ធភាពនាំចូលទំនិញកម្ពុជាមកទីផ្សារកូរ៉េ និងស្វែងរកដៃគូនៅកម្ពុជាបន្ថែមទៀត ជាពិសេសទាញយកប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។

ក្នុងកិច្ចប្រជុំនោះ វិស័យឯកជនពាក់ព័ន្ធនៃប្រទេសទាំងពីរ បានណែនាំពីកម្ម វត្ថុអាជីវកម្មរបស់ខ្លួន និងចែករំលែកទៅវិញទៅមក នូវព័ត៌មានពាណិជ្ជកម្ម ប្រតិបត្តិការអាជីវកម្ម និងវិស័យ/ទំនិញសក្កានុពល ដែលជាចំណាប់អារម្មណ៍ ដើម្បីសហការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ ក៏ដូចជាការវិនិយោគក្នុងពេលខាងមុខ៕