(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ នៅបរិវេណសាលាក្រុងពោធិ៍សាត់ បាននាំយកអំណោយជាស្បៀងសង្គ្រោះបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង ចំនួន៨៩គ្រួសារ មកពីសង្កាត់រលាប សង្កាត់ចំរើនផល និងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
នាឱកាសនោះ លោក ខូយ រីដា បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេ តែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ «ទីណាមានពលរដ្ឋជួបទុក្ខ ទីនោះមានមុខសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត»។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលមានលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងមានលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកអគ្គិសនីកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ព្រមទាំងក្រុមការងារ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ក្នុងកំឡុងពេលដែលបងប្អូនកំពុងតែជួបការលំបាកនាពេលនេះ ថ្នាក់ដឹកនាំទាំងអស់ នៅតែត្រៀមចាំអន្តរាគមន៍ជួយប្រជាពលរដ្ឋ គ្រប់ពេលវេលាជានិច្ច។
លោកអភិបាលខេត្ត បានក្រើនរំឭកបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀតត្រូវរួមគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលនាំមកនូវសុខសន្តិសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានប្រកាសផ្តល់លេខទូរស័ព្ទ ចំនួន៣ប្រព័ន្ធ ជូនប្រជាពលរដ្ឋបានទទួលជ្រាប ងាយស្រួលក្នុងការដោះស្រាយ សម្របសម្រួល និងអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីតម្រូវការចាំបាច់ណាមួយ ដែលកើតមានក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថា អំណោយជាស្បៀងសង្គ្រោះបន្ទាន់ ដែលត្រូវចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង ទាំង៨៩គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ១កេស៕