Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសចូលកាន់តំណែងអភិបាលរងស្រុកភ្នំក្រវាញ ២រូប, អភិបាលខេត្តពោធិ៍សាត់ ណែនាំអភិបាលរងទើបប្រកាសឡើងកាន់តំណែងថ្មី ត្រូវគោរពតាមការប្តេជ្ញាចិត្តបម្រើប្រជាពលរដ្ឋឲ្យបានល្អ

27-01-2023 08:08

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានស្នើដល់អភិបាលរងស្រុកភ្នំក្រវាញ ដែលទើបប្រកាសឡើងកាន់តំណែងថ្មី ត្រូវគោរពតាមការប្តេជ្ញាចិត្ត និងខិតខំបំពេញតួនាទី ភារកិច្ចការងារ ដោយសហការ និងពង្រឹង​សាមគ្គីភាពផ្ទៃក្នុងឱ្យ​បានល្អប្រសើរ ជាមួយសហការី អង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី​ ដើម្បីជាភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

លោកបានស្នើបែបនេះ នៅបរិវេណសាលាស្រុកភ្នំក្រវាញ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ឡាំ សុផល និង លោក ​សន ចាន់ថន ជាអភិបាលរងស្រុកភ្នំក្រវាញ ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ក្រុមយុវជន និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។

លោក ខូយ រីដា បានថ្លែងថា អភិបាលរងស្រុកភ្នំក្រវាញ ដែលទើបតែទទួលបានមុខតំណែងថ្មីនាពេលនេះ ត្រូវអនុវត្តន៍ តួនាទីភារកិច្ច ដែលខ្លួនបានប្តេជ្ញាចិត្ត នៅចំពោះមុខថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទើបមានឈ្មោះជាអ្នកបម្រើរាស្ត្រពិតប្រាកដ។ លោកបានណែនាំដល់អភិបាលរងស្រុកទាំង២ ត្រូវសហការល្អជាមួយថ្នាក់ដឹកនាំ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីបម្រើផលប្រយោជន៍ ដ៏ស្មោះត្រង់ជូនជាតិ ក៏ដូចជាប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដោយរក្សាសាមគ្គីភាពផ្ទៃក្នុង ខិតខំអភិវឌ្ឍន៍សមត្ថភាព ពង្រឹងការទទួលខុសត្រូវ កែលម្អចំណុចខ្វះខាតដែលកើតមានឡើង និងជំរុញការផ្ដល់សេវាសាធារណៈនានា ឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។

លោកបានណែនាំបន្ថែម ដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជម្រុញ និងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ មានកិច្ចសហការល្អជាមួយវិស័យឯកជន សប្បុរសជន អង្គការជាតិ អន្តរជាតិ ក្នុងការគៀងគររកមូលនិធីមកអភិវឌ្ឍន៍មូលដ្ឋាន​។ រាល់ការតែងតាំងមន្ត្រីណាម្នាក់ ត្រូវត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់ កុំឱ្យមន្ត្រីក្រោមឱវាទ មានការថ្នាំងថ្នាក់ ដល់ថ្នាក់ដឹកនាំ ជាពិសេសប្រមុខនៃរាជរដ្ឋាភិបាល។ ត្រូវខិតខំសម្របសម្រួលដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយផ្នែកលើគោលការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោកអភិបាលខេត្ត ក៏បានជម្រាបជូនពីព្រឹត្តការណ៍ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅលើបូរីវប្បធម៌កោះសំពៅមាស ដែលរដ្ឋបាលខេត្តពោធិ៍សាត់ គ្រោងនឹងរៀបចំឱ្យធំ ដូច្នេះហើយស្នើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមសម្អាតបរិស្ថាន និងតុបតែងភ្លើងលម្អចម្រុះព័ណ៌តាមគោលដៅរៀងៗ ឱ្យសាកសមជាខេត្តមានសម្លេងគាំទ្រគោលនយោបាយខ្ពស់ជាងគេ ឈានទៅទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើនទៀត ជាប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕