(ភ្នំពេញ)៖ មន្ត្រីជំនាញនៃមន្ទីរសាធារការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានចុះពិនិត្យលក្ខណៈបច្ចេកទេស នៃការអ៊ុតកៅស៊ូ លើបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សកម្មភាពនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ មន្ដ្រីជំនាញបានពិនិត្យលក្ខណៈបច្ចេកទេសលើការអ៊ុតកៅស៊ូ និងវាស់កំដៅកៅស៊ូមុនការអ៊ុត ជាមួយនឹងការវាស់កំរាស់សាច់កៅស៊ូ ដែលត្រូវអ៊ុតផងដែរ ដើម្បីឲ្យដឹងថា ការអ៊ុតកៅស៊ូនៅកំណាត់ផ្លូវជាតិលេខ៦Aនេះ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងត្រឹមត្រូវតាមកំរាស់កៅស៊ូដែលបានកំណត់ឬទេ ហើយមានគុណភាពកម្រិតណា។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលគ្រឹះអ៊ុតកៅស៊ូ ដាក់លូ រៀបការឺឡា គូសគំនូសចរាចរណ៍ និងដាំដើមឈើ តាមបណ្តោយផ្លូវជាតិលេខ៦A ឲ្យបានរួចរាល់នៅមុនខែមីនា ឆ្នាំ២០២៣ ពោលគឺឲ្យបានរួចរាល់នៅមុន ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ ខណៈដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។

កំណាត់ផ្លូវជាតិលេខ៦Aនេះ ជាផ្លូវក្នុងចំណោមផ្លូវ៤ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជួសជុស និងស្ថាបនា ឆ្ពោះទៅកាន់ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដោយចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ដែលមានប្រវែង១៧គីឡូម៉ែត្រកន្លះ ជាមួយនឹងការដាក់លូសងខាងផ្លូវទំហំមុខកាត់១ម៉ែត្រ ប្រវែង៣៥គីឡូម៉ែត្រ រៀបការឺឡា គូសគំនូសចរាចរណ៍ និងដាំដើមឈើ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល។ ការងារនេះ គិតមកដល់ពេលនេះ សម្រេចបាន៨០ភាគរយហើយ។

ផ្លូវទាំង៤ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនា និងជួសជុលអ៊ុតកៅស៊ូ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោនេះ រួមមាន៖ មហាវិថី ឈ្នះឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៨គីឡូម៉ែត្រ, ផ្លូវជាតិលេខ៦A ប្រវែង១៧គីឡូម៉ែត្រកន្លះ និងផ្លូវថ្មី២ខ្សែទៀត ដោយស្ថាបនាស្របតាមទន្លេសាប ផ្នែកខាងកើត បែកខ្នែងជា២ផ្នែក ឆ្ពោះឡើងមហាវិថី ឈ្នះឈ្នះ គឺខ្សែទី១ ផ្លូវស្របមាត់ទន្លេ ចាប់ពីផ្លូវជាតិលេខ៦ ដល់មហាវិថីឈ្នះឈ្នះ។

លោក សាំ ពិសិដ្ឋ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋជួយថែរក្សាការ៉ឺឡាថ្មើរជើង ដោយកុំដាក់តាំងលក់ឥវ៉ាន់ ឬការចតលើការរឺឡា ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរថ្មើជើង និងជួយថែរក្សាលូ និងស្លាកសញ្ញាចរាចរ កុំឲ្យខូចខាត៕