(កំពង់ធំ)៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក ណាំ លីណាល់ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំដូង ស្រុកប្រាសាទបល្ល័ង្ក និងក្រុមកាងារ បានចុះសួរសុខទុកពលរដ្ឋនៅភូមិដងផ្តៀក និងភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ដើម្បីស្តាប់បញ្ហាប្រឈម ជាក្តីកង្វល់របស់បងប្អូនកន្លងមកដែលមិនទាន់ធ្វើការដោះស្រាយ។

លោកបានណែនាំដល់មន្ត្រីមូលដ្ឋាន ត្រូវឲ្យតែជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពរហ័សទាន់ពេលវេលា និងមានតម្លាភាព។ លើសពីនេះ ក្រុមការងារក៏ត្រូវចុះជួប ជាមួយប្រជាពលរដ្ឋ បានញឹកញាប់ ដើម្បីជួយដោះស្រាយ និងប្រឹក្សារាល់បញ្ហាដែលប្រជាពលរដ្ឋជួបប្រទះផងដែរ។ ក្នុងការចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ បានលើកឡើងពីបញ្ហាមួយចំនួនដូចជាជំលោះដីធ្លី បញ្ហាកង្វះផ្លូវ និងបញ្ហាសាលារៀនបានខូចខាតផងដែរ។

ក្នុងនោះលោកក៏បានទទួលយកសំណូមពរនេះ ដើម្បីធ្វើរបាយការណ៍ជូនទៅថ្នាក់នៅបន្ថែមទៀតក្នុងការដោះស្រាយជូនបងប្អូន។ លោកបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេសគឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពជូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញយ៉ាងពិតប្រាកដ ដោយមិនឲ្យមានសង្រ្គាម តាមរយៈបដិវត្តពណ៌មាននៅកម្ពុជាជាដាច់ខាត។

លោកបន្តថា សមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់ ជាស្នាដៃរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ឲ្យមានការរីកចម្រើន លើគ្រប់វិស័យនៅគ្រប់ទីកន្លែង។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រក្សានូវភាពស្ងៀមស្ងាត់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសណ្តាប់ធ្នាប់សង្គម ស្ថិរភាពនយោបាយ ភាពសុខសាន្ត បន្តការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកលូត លាស់បន្តទៀត និងទៅចូលរួមបោះឆ្នោតនៅពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសជាតិកសាង និងអភិវឌ្ឍន៍ជាតិកាន់តែរីកចម្រើនបន្ថែមទៀត។

ក្រោយពីបានចុះសួរសុខទុក្ខរួចមកលោក ណាំ លីណាល់ និងក្រុមការងារបានបន្តចុះពិនិត្យស្ថានភាពសាលាសិក្សា ហ៊ុន សែន ក្របៅ ដែលមានសភាពចាស់ទ្រុឌទ្រោម មិនអាចធ្វើឲ្យមានទីកន្លែងសម្រាប់សិស្សានុសិស្សបានសិក្សាជម្រាបសួរបន្តទៀត។

តាមការបញ្ជាក់របស់នាយកសាលា បានឲ្យដឹងថា សាលារៀននេះមានពីរខ្នងចំនួន១០បន្ទប់ បានកសាងឡើងនៅឆ្នាំ១៩៩៧ ក្រោមការឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន តែពេលនេះត្រូវបានទ្រុឌទ្រោមមិនអាចឲ្យសិស្សបានសិក្សារៀនសូត្របានឡើយ៕