(កណ្ដាល)៖ អគ្គីភ័យមួយបានកើតឡើងបណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋនៅឯភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅវេលាម៉ោង៩ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

លោក ផាន់ វណ្ណី នាយការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានថ្លែងថា អគ្គិភ័យនេះបានកើតឡើងដោយសារទុស្សខ្សែរភ្លើង ហើយក៏ឆាបឆេះផ្ទះតែម្ដង ដែលមានម្ចាស់ឈ្មោះ សុខ ហៀង អាយុ៥២ឆ្នាំ មុខរបរមន្ត្រីយោធា (UN)។ ប៉ុន្តែគ្រប់គ្រងបានទាំងស្រុងដោយប្រើប្រាស់ទឹកអស់២ឡាន និងគ្មានរបួសមនុស្សទេ ហើយក៏មិនឆេះរាលដាលនោះដែរ។

សូមជម្រាបថា ផ្ទះដែលឆេះនេះជាប្រភេទសំណង់សង់ពីឈើលើ ថ្មក្រោម ប្រក់ស័ង្កសី ទំហុំ៥ម៉ែត្រ x ១២ម៉ែត្រ ឆេះខូចខាតទាំងស្រុង។ សម្ភារខូចខាតរួមមាន ទូសំលៀកបំពាក់ចំនួន០១ គ្រែដេកចំនួន០៣ និងឆេះសម្ភារផ្សេងៗ អស់មួយចំនួនទៀត៕