(កំពង់ចាម)៖ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងសហការី នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី១៣ ជូនពលរដ្ឋជួបការលំបាក១គ្រួសារ ឈ្មោះ ជួន សាវឿន អាយុ៤២ឆ្នាំ និងបាននាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋ៨០គ្រួសារ នៅឃុំមហាលាភ ស្រុកកោះសូទិន។

នាយកប្រតិបត្តិ នៃសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក ទូច ឆៃ បានឲ្យដឹងថា ក្រៅពីផ្តល់ផ្ទះជូនលោក ជួន សាវឿន លោកប្រធានសាខា ក៏បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារលោក ជួន សាវឿន សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន៖ អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ប្រអប់, សម្ភារផ្ទះបាយមួយចំនួន និងថវិកា២០០,០០០រៀល។

បន្ទាប់ពីបានប្រគល់ផ្ទះមនុស្សធម៌ លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ នាំអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលខ្វះខាតជីវភាព មកពីឃុំទាំង៨ សរុប៨០គ្រួសារ ដែលបាន ប្រព្រឹត្តទៅនៅក្នុងបរិវេណ វត្តមហាលាភ ក្នុងឃុំមហាលាភ ស្រុកកោះសូទិនផងដែរ។

នាយកប្រតិបត្តិ នៃសាខាកាកបាទក្រហមខេត្តកំពង់ចាម បានឲ្យដឹងថា ពលរដ្ឋដែលងាយរងគ្រោះបំផុតទាំង៨០គ្រួសារនេះ រួមមាន៖ ស្ត្រីមេម៉ាយទ័លលំបាក ចំនួន២៥គ្រួសារ ចាស់ជរាគ្មានទីពឹងចំនួន៤៣គ្រួសារ និងជនមានពិការភាពចំនួន១២គ្រួសារ។

ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ទោះបីសម្ដេច មិនបានអញ្ជើញមកដោយផ្ទាល់ តែសម្ដេចតែងតែមានក្តីនឹករលឹក គិតគូរពីសុខទុក្ខជាប្រចាំ ចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ ដែលជួបការលំបាក ទាំងពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់និន្នាការនយោបាយឡើយ តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និងមិនទុកនរណាម្នាក់ចោល។

លោកប្រធានសាខា ក៏បានយកឱកាសនោះ ក្រើនរំលឹកដល់លោកតា លោកយាយ បងប្អូន ប្រជាពលរដ្ឋ ដែលចូលរួមទាំងអស់ សូមលើកកំពស់ការថែទាំសុខភាពឲ្យបានល្អ រស់នៅ ត្រូវមានអនាម័យ ជាពិសេស ក្នុងស្ថានភាពដែល អាកាសធាតុមានការប្រែប្រួលក្តៅ ត្រជាក់នេះ អាចនឹងបង្កឱ្យកើតមានជម្ងឺដំកាត់ផ្សេងៗ ទៀត។

ទន្ទឹមនេះសូមបន្តយកចិត្តទុកដាក់ អនុវត្តឲ្យបានខ្ជាប់ខ្ជួន វិធានសុខាភិបាល និងអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កភាពស៊ាំសហគមន៍ ទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសបម្លែងថ្មីកូវីដ១៩។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបាន ប្រគល់ជូនពលរដ្ឋងាយរងគ្រោះ ទាំង៨០គ្រួសារ, ក្នុង ១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ឃីត (សារុង មុង ភួយ ក្រមា ) ១កញ្ចប់ សាប៊ូ ៦ដុំ អាវយឺត ៤ ម៉ាស់ ១០បន្ទះ និងថវិកាចំនួន ៥០,០០០រៀល៕