(តាកែវ)៖ លោក ម៉ៅ ហាវណ្ណាល់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះមូលដ្ឋានស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ រួមទាំងសមាជិកគណបក្សប្រជាជនស្រុកសំរោង បើកកិច្ចប្រជុំស្តីពី ពិធីចុះកិច្ចសន្យាប្រឡងប្រណាំង រវាងឃុំទាំង ៩នៃស្រុកសំរោង ជាមួយឃុំ សង្កាត់ ទូទាំងខេត្តតាកែវ ដែលបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនស្រុកសំរោង។

នៅក្នុងកិច្ចប្រជុំនេះគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនចុះមូលដ្ឋានស្រុកសំរោង ក៏បានធ្វើការប្ដេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត ត្រូវបង្កើនសន្ទស្សន៍នៃអាសនៈក្នុងរដ្ឋសភា នីតិកាលទី៧ ឆ្នាំ២០២៣ ឲ្យបានយ៉ាងតិច ៧/៨ អាសនៈ ។ ត្រូវបង្កើនសម្លេងគាំទ្រគណបក្សនៅទូទាំងខេត្តតាកែវ សម្រេចឲ្យបានសរុប ៤៣៣,៥០០ សម្លេង។ ផែនការគណៈកម្មាធិការគណបក្សខេត្តតាកែវ សម្រាប់ទូទាំងស្រុកសំរោង សម្រេចឲ្យបានការគាំទ្រសរុបចំនួន ៦០,២០០សម្លេង។

ជាមួយគ្នានោះ អង្គប្រជុំក៏បានដាក់ចេញនូវទិសដៅការងារបន្តរួមមាន៖ គណៈកម្មាធិការគណបក្សស្រុក ត្រូវធ្វើការសម្របសម្រួលឃុំ ឲ្យដាក់ផែនការបន្តដល់ក្រុមការងារគណបក្សការិយាល័យបោះឆ្នោត លក្ខណៈសមាមាត្រទៅនឹងចំនួនសមាជិកគណបក្ស តាមការិយាល័យនីមួយៗនិងណែនាំដល់ប្រធានគណៈកម្មការគណបក្ស (១៧២ ការិយាល័យ) តាមឲ្យបានរួចរាល់មុនពេល យុទ្ធនាការឃោសនាបោះឆ្នោត រួមទាំងមានផែនការសំខាន់ៗមួយចំនួនទៀតផងដែរ៕