(តាកែវ)៖ ក្រុមអតីតសិស្សវិទ្យាល័យ ជា ស៊ីម តាកែវជំនាន់ឆ្នាំ១៩៨៦ ដែលប្រឡងបញ្ចប់សញ្ញាប័ត្រកម្រិត២-៣ជាង១០០នាក់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ បានរៀបចំពិធីជួបជុំគ្នាដោយបាន អញ្ជើញលោកគ្រូ-អ្នកគ្រូ ដែលបានបង្រៀនពួកគេ កាលពីជំនាន់នោះមកចូលរួម និងមានការដូអនុស្សាវរីយ៍ជូនលោកគ្រូ អ្នកគ្រូផងដែរ។

លោក រិន រ៉ាវី តំណាងឲ្យក្រុមសិស្សទាំងអស់ បានថ្លែងឲ្យដឹងថា ពិធីជួបជុំគ្នានេះ ដើម្បីរំលឹកអនុស្សាវរីយ៍ដែលកាលពី៣០ឆ្នាំមុន ពួកយើងជាកូនកសិករ មានគ្នាជាង២រយនាក់ មកពីស្រុកទាំង១០​ក្នុងខេត្តតាកែវ បានមករស់នៅរៀនសូត្រ​យ៉ាងលំបាកវេទនា ដោយមានសិស្សខ្លះ​ធ្វើតូបស្នាក់នៅ រស់នៅមណ្ឌល​កុមារកំព្រា និងស្នាក់នៅក្នុងវត្តលោកក៏មានដែរ ដើម្បីបន្តប្រឹងប្រែងរៀនសូត្រ យកសញ្​ញាប័ត្រមធ្យមសិក្សាកម្រិត២។

ដោយមានឆន្ទៈក្នុងការចង់ចេះចង់ដឹង និងដោយមានការខឹតខំប្រឹងប្រែងអប់រំ ណែនាំ និងបង្រៀនពីសំណាក់លោកគ្រូ-អ្នកគ្រូ បានធ្វើឲ្យយើងទាំងអស់គ្នា ដែលរៀនជំនាន់នោះភាគច្រើន បំផុតបានទទួលជោគជ័យជីវិតរហូតដល់ពេលនេះ។

លោក រិន រ៉ាវី បានបន្តថា ផ្ដើមចេញពីកាតស៊ូយ៉ាងលំបាកដោយបានបន្សល់ទុក នូវអនុស្សាវរីយ៍រាប់មិនអស់ ទើបសិស្សទាំងអស់ផ្ដួចផ្ដើមរៀបចំពិធីនេះឡើង ដើម្បីរំលឹកខួប៣០ឆ្នាំ នៃការប្រឡង​យកសញ្ញាប័ត្រ​បាក់ឌុប និងជាការរំលឹកគុណ ដ៏ធំធេងដែលលោកគ្រូ-អ្នកគ្រូ បានបណ្ដុះបណ្ដាលដល់ពួកយើង និងចង់ដឹងពីសុខទុក្ខរបស់មិត្តសម្លាញ់រួមជំនាន់ដែលបានបែកគ្នា អស់រយៈពេល៣០ឆ្នាំកន្លងមក។

លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដែលបានចូលរួមនៅក្នុងពិធីនោះ បានថ្លែងថា គុណរបស់លោកគ្រូ-អ្នកគ្រូ គឺមិនអាចកាត់ថ្លៃបាននោះទេ ព្រោះលោកគ្រូអ្នកប្រៀបបាន និងឪពុកម្ដាយទី២​របស់យើង។

ដូច្នេះផ្ដើមចេញពីសាលា និងពីលោកគ្រូ-អ្នកគ្រូបានធ្វើឲ្យក្រុមសិស្សវិទ្យាល័យ ជា ស៊ីម តាកែវ ជំនាន់ឆ្នាំ១៩៨៦ ទាំងអស់មានអនាគតភ្លឺស្វាងគ្រប់ៗគ្នា៕