(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានថ្លែងដោយដាក់សំណួរថា តើមានគ្រិស្តសាសនាកំពុងធ្វើសកម្មភាពនៅអ៊ុយក្រែនដែរទេ?
ថ្លែងពេលអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា សម្តេចតេជោ បានបន្តថា មិនមានសកម្មភាពសាសនាណាមួយនៅលើប្រទេសមានសង្គ្រាមនោះឡើយ។
សំណួររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមើលឃើញថា គ្រប់សាសនានៅកម្ពុជា កំពុងរីកចម្រើន ហើយរួមរស់ជាមួយគ្នាយ៉ាងសុខសាន្ត។ សម្រាប់ប្រជាពលរដ្ឋ ទោះបីមានជំនឿសាសនាខុសគ្នា តែបានរួមរស់ជាមួយគ្នាយ៉ាងសុខសាន្ត ក្រោមម្លប់សន្តិភាព។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកទាំងអស់គ្នានៅទីនេះ បើទោះបីជាមិនមានចំនួនច្រើនដូចព្រះពុទ្ធសាសនា ប៉ុន្តែអ្នកទាំងអស់គ្នាបាននិងកំពុងឃើញ អ្នកដែលកាន់សាសនានៅប្រទេសអ៊ុយក្រែនឬទេ? ហើយតើបានឃើញ សោកនាដកម្ម ដែលបានកើតចំពោះប្រទេស ដែលមានសង្គ្រាម ហើយដែលក្នុងនោះសាសានា ក៏បានរងទុក្ខវេទនាដែរ។ សម្រាប់កម្ពុជា នៅពេលនេះក្រោមម្លប់សន្តិភាព យើងកំពុងតែទទួលផលពីសន្តិភាព ដូច្នេះត្រូវប្រើប្រាស់ឲ្យអស់នៃសក្តានុពលនៃសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍរបស់យើង»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា គ្រិស្តបរិស័ទ បានចូលរួមចំណែកយ៉ាងលើកិច្ចការសង្គមនៅកម្ពុជា។ ដើម្បីបុព្វហេតុជាតិ និងប្រជាជន រាជរដ្ឋាភិបាល បានគាំពារគ្រប់សាសនាទាំងអស់នៅកម្ពុជា ហើយបានផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់គ្រប់សាសនា។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់គ្រិស្តបរិស័ទទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាថែរក្សាសុខសន្តិភាព និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោ បានថ្លែងបន្តថា ជម្លោះសាសនា គឺជាមហន្តរាយមួយដ៏ធំធេង ដែលមិនអាចឱ្យកើតមាននៅក្នុងប្រទេសកម្ពុជានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ថ្នាក់ដឹកនាំគ្រិស្តត្រូវសាមគ្គីគ្នាទាំងផ្ទៃក្នុង និងជាមួយសាសនាដទៃ ដោយឈរលើគោលការណ៍សុខដុមនីយកម្ម។ សម្តេចតេជោ បានបង្ហាញក្តីរំពឹងថា ថ្នាក់ដឹកនាំគ្រិស្តនៅកម្ពុជា នឹងជ្រើសតំណាងមួយ ដើម្បីជជែកជាមួយសាសនាដទៃ ក៏ដូចជាអាជ្ញាធរ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រិស្តបរិស័ទទាំងអស់ចូលរួមថែរក្សាការពារសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម៕