ឧត្តមសេនីយ៍ទោ អ៊ុំ ណាគ្រី ផ្ញើសារអបអរសាទរ និងជូនពរ ឧកញ៉ា ទៀ ណារ៉ាវុទ្ធ និងលោកស្រី មាស សុភារី ក្នុងឱកាសព្រះមហាក្សត្រ ប្រទានគោរមងារ ជា «អ្នកឧកញ៉ា» និង «ឧកញ៉ា»
27-01-2023 09:25
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុំ ណាគ្រី សម្តែងការអបអរសាទរ និងជូនពរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឧកញ៉ា ទៀ ណារ៉ាវុទ្ធ និងលោកស្រី មាស សុភារី ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ផ្តល់គោរមងារ ជា «អ្នកឧកញ៉ា» និង «ឧកញ៉ា»។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ និងឧកញ៉ា មាស សុភារី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ការត្រាស់បង្គាប់ផ្តល់គោរពងារជា «អ្នកឧកញ៉ា» និងឧកញ៉ា ដោយព្រះករុណាជាអម្ចាស់តម្កល់លើត្បូង យាងទតឃើញថា អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ និងឧកញ៉ា មាស សុភារី បានចូលរួមធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌៕