(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំគ្រិស្តបរិស័ទជាង ៣ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គ្រិស្តបរិស័ទទាំងអស់ចូលរួមថែរក្សាការពារសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គមតាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាថានៅគ្រប់សាសនាទាំងអស់រស់នៅជាមួយគ្នាយ៉ាងសុខសាន្ត ក្រោមដំបូលសុខសុខភាពរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រិស្តបរិស័ទ បានចូលរួមចំណែកយ៉ាងលើកិច្ចការសង្គមនៅកម្ពុជា សម្រាប់ការជួបជុំអបអរសាទរនេះ ក៏ជាការបង្ហាញឱ្យពីការរីកចម្រើនលើផ្នែកជំនឿសាសនានៅកម្ពុជាផងដែរ ដូច្នេះ ដើម្បីបុព្វហេតុជាតិ និងប្រជាជន រាជរដ្ឋាភិបាល បានគាំពារគ្រប់សាសនាទាំងអស់នៅកម្ពុជា ហើយបានផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់គ្រប់សាសនា។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពអបអរសាទរខួប ១០០ឆ្នាំនៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសុំឱ្យទាំងអស់គ្នាចូលនូវសកម្មភាពទាំងឡាយទាក់ទងជាមួយនឹងការអភិវឌ្ឍប្រទេសរបស់យើង តាមរយៈការចូលរួមគ្រប់សកម្មភាពតាមដែលអាចធ្វើទៅបាន ជាមួយនេះក៏ត្រូវបន្តការចូលរួមដើម្បីរក្សានូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមតាមរយៈនៃការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាថានៅគ្រប់សាសនាទាំងអស់ជាពិសេសក្នុងចំណោមគ្រិស្តបរិស័ទរបស់យើងទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើនទាំងអស់គ្នា»

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ និងគ្រិស្តបរិស័ទទាំងអស់ ត្រូវសហការសាមគ្គីគ្នា មានឯកភាពផ្ទៃក្នុងតែមួយក្នុងសង្គមគ្រិស្តបរិស័ទ មានទំនាក់ទំនងល្អក្នុងសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្ម ដោយមិនត្រូវឱ្យមានការបែកបាក់ណាមួយនៅក្នុងសហគមន៍គ្រិស្តបរិស័ទនោះទេ។

ទន្ទឹមនឹងនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កម្ពុជា មានមោទនភាពចំពោះប្រជាពលរដ្ឋ ទោះបីមានជំនឿសាសនាខុសគ្នា តែបានរួមរស់ជាមួយគ្នាយ៉ាងសុខសាន្ត។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ប្រឆាំងរាល់ទង្វើរើសអើង ការបែងចែងក្នុងចំណោមប្រជាជន ដែលបណ្ដាលមកពីភាពខុសគ្នានៃជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនា។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជាកាន់តែមានមោទនភាពយ៉ាងខ្លាំង ចំពោះប្រជាពល​រដ្ឋរបស់ខ្លួន ដែលប្រកាន់ខ្ជាប់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ នេះមិនត្រឹមតែជាមោទនភាពសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់ប្រទេសក្នុងតំបន់ ​និងពិភពលោកផងដែរ ដែលបណ្ដាលប្រទេសជាច្រើនកោតសរសើរ ចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការល្អជាមួយស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ បង្កការងាយស្រួលជូនដល់ប្រជាពលរដ្ឋគ្រប់សាសនា។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់គ្រិស្តបរិស័ទទាំងអស់ ដែលបានចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលការខិតខំទាំងនោះបានផ្តល់ឱកាសដល់យើងជុំគ្នារហូតរាប់ម៉ឺននាក់នៅពេលនេះ។

សម្ដេចតេជោ ហ៊ុន សែន បានរំឮកទៀតថា៖ «ខ្ញុំធ្លាប់បាននិយាយច្រើនលើកហើយថា ការខុសគ្នាខាងជាតិ និងសាសនា មិនមែនជាឧបសគ្គនៃការអភិវឌ្ឍប្រទេសជាតិនោះទេ សូមកុំនាំគ្នាចាប់បង្ខំឱ្យអ្នកនេះជឿសាសនានេះ ជឿសាសនានោះ ឬនិកាយនេះ ឬនិកាយនោះ វាមិនអាចទៅរួចទេ»