(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើរដ្ឋាភិបាលស៊ុយអែត ជួយផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជា ដើម្បីបន្តការសិក្សា ក្នុងជំនាញពាក់ព័ន្ធ នឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។
ការស្នើនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ខណៈលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អនុញ្ញាតឲ្យ លោកស្រី Anna Höglund ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងខណៈដែលលោកស្រី ត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ក្រៅពីនោះ លោក សាយ សំអាល់ បានសម្ដែងនូវការកោតសរសើរចំពោះ លោកស្រីដែលបានរួមចំណែក ដល់ការលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។
លោកស្រី ឯកអគ្គរដ្ឋទូត បានទទួលយកសំណើដោយបានបញ្ជាក់ នូវជំហរគាំទ្រក្នុងការពិនិត្យលទ្ធភាពបង្កើនចំនួន អាហារូបកណ៍សម្រាប់យុវជនកម្ពុជា។
ជាមួយគ្នានេះ ភាគីទាំងពីរបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថានឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសក្នុងវិស័យប្រែប្រួលអាកាសធាតុ៕