(កំពង់ធំ)៖ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកស្ទោងចំនួន២រូប នៅបរិវេណសាលាស្រុកស្ទោង ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។

តាមប្រកាសលេខ ០៦៤ប្រក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃ ដែលបានតែងតាំងមន្ត្រីរាជការចំនួន២រូប ចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទោង រួមមាន៖ ១៖ សម្រេចតែងតាំងលោក ព្រំ ឆដា ឋានន្តរស័ក្កិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ៣ នៃគ្រាប់ខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទោង ២៖ សម្រេចតែងតាំង លោកសួគ៌ ប៊ុនធង ឋានន្តរស័ក្កិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងនៃគណៈអភិបាលស្រុកស្ទោង។

លោក ព្រំ ឆដា និងលោក សួគ៌ ប៊ុនធង ដែលទើបតែងតាំងថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តដូចតទៅ៖ ១៖ គោរពអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាន គិត្តិយុត្តនានា ព្រមទាំងគោលការណ៍ចាត់តាំងដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត។ ២៖ សាមគ្គីផ្ទៃក្នុងសហការជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្ត្រីរាជការក្រោមឱវាទឱ្យបានល្អ និងប្រកបដោយតម្លាភាព។ ៣៖ ខិតខំប្រឹងប្រែងបម្រើដោយស្មោះអស់ពីកម្លាំងកាយ ចិត្តក្នុងការបំពេញការងារជូនអង្គភាពឱ្យ ទទួលបានលទ្ធផលផ្លែផ្កា។ ៤- ទំនាក់ទំនង និងសហការជាមួយមន្ទីរ-អង្គភាពនានា ជុំវិញស្រុកឱ្យបានល្អ។ ៥-ខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ ក្នុងការបម្រើប្រជាពលរដ្ឋឱ្យ អស់ពីកម្លាំងកាយចិត្ត និងកម្លាំងប្រាជ្ញាស្មារតី ជាពិសេសចូលរួមជំរុញ និងលើកស្ទួយដល់ ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវ ភាពរស់ នៅឱ្យមានភាពល្អប្រសើរ។ ៦- អនុវត្តតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ។

ក្នុងឱកាសនោះលោក ព្រឹម រដ្ឋា ក៏បានធ្វើការណែនាំលោកអភិបាលរងស្រុកទាំង២ ដែលសុទ្ធសឹងជាមន្ត្រីដែលមានលក្ខណៈសម្បត្តិ មានសមត្ថភាព និងមានបទពិសោធន៍ក្នុងការងារដឹកនាំនៅមូលដ្ឋាននាពេលកន្លងមក ធ្វើយ៉ាងណាជូួយសម្រួលពន្លឿន និងពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែល្អប្រសើរ ក្នុងការឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការប្រជាពលរដ្ឋនៅមូល ដ្ឋានស្របតាមរគោល នយោបាយកែទម្រង់ស៊ីជម្រៅវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។

លោកបានបន្តរថា ការឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋាន គឺសំដៅជួយសម្រួលពន្លឿន និងពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែល្អប្រសើរ និងជម្រុញអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជម្រុញ និងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ មានកិច្ចសហការល្អជាមួយវិស័យឯកជន សប្បុរសជន អង្គការជាតិ អន្តរជាតិ ក្នុងការគៀងគររកមូលនិធីកសាងមូលដ្ឋានហើយរាល់ការតែងតាំងមន្ត្រីណាម្នាក់ ត្រូវត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់ កុំឱ្យមន្ត្រីក្រោមឱវាទ មានការថ្នាំងថ្នាក់ ដល់ថ្នាក់ដឹកនាំ ជាពិសេសប្រមុខនៃរាជរដ្ឋាភិបាល និងត្រូវខិតខំសម្របសម្រួលដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយផ្នែកលើគោលការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។

ជាចុងក្រោយលោក ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវចូលរួម និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចូលរួមសម្អាតបរិស្ថាន ព្រមទាំងខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋឱ្យ អស់ពីកម្លាំងកាយចិត្ត និងកម្លាំងប្រាជ្ញាស្មារតី ជាពិសេសចូលរួមជំរុញ និងលើកស្ទួយដល់ ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់ នៅឱ្យមានភាពល្អប្រសើរផងដែរ៕