(កណ្ដាល)៖ រថភ្លើងដឹកប្រេងមួយគ្រឿង ដាច់បារុងបន្សល់ទុកទូចុងក្រោយ បុករថយ្ដធុនធំដែលឆ្លងកាត់ផ្លូវបណ្ដាលឲ្យរងការខូចខាត។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិអង្គរក្នេីរ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ត្រី ឆេង សំអឿន ស្នងការរងនគរបាលខេត្តកណ្ដាល ទទួលផែនចរាចរណ៍ បានឲ្យដឹងថា ដំបូងឡើងកម្មកររថភ្លើងបានបិទបារ៉ាស ដើម្បីឲ្យរថភ្លើងនេះធ្វើការឆ្លងកាត់ លុះពេលទៅអស់ក៏បើកឲ្យមធ្យោបាយផ្សេងទៀតធ្វើដំណើរឆ្លងកាត់ធម្មតា។

ប៉ុន្ដែចៃដន្យអីរថភ្លើងនោះដាច់បារុង បន្សល់ទុកទូនៅខាងក្រោយទៀតដោយមិនមានអ្នកមើលឃើញ ដោយយប់ងងឹតនោះ ក៏បុកជាមួយរថយន្ដធុនធំដែលឆ្លងកាត់តែម្ដង បណ្ដាលឲ្យរងការខូចខាត។

បើតាមសេចក្ដីរាយការណ៍ ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យអ្នកបើកបររថយន្ដរងរបួសស្រាល ពោលគ្រាន់តែខូចខាតរថយន្ដ ហើយទូរថភ្លើងធ្លាក់ចេញពីផ្លូវដែកប៉ុណ្ណោះ៕