(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជាមួយនឹងសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារយោធិនពិការចំនួន ៤២០គ្រួសារ ដែលកំពុងរស់ នៅក្នុងមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ តេជោ ភ្នំឆ័ត្រ មានទីតាំងស្ថិតនៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាស នៃការចុះសួរសុខទុក្ខនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍សួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនជនពិការទាំងអស់ដែលរស់នៅក្នុងមណ្ឌលនោះ ហើយជានិច្ចកាល សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានយក ចិត្តទុកដាក់ខ្ពស់ អំពីជីវភាពរស់នៅរបស់បងប្អូនយុទ្ធជន ជាពិសេស បងប្អូនយោធិនពិការ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តប្រកប ដោយភាពអង់អាចក្លាហាន មោះមុត ក្នុងការធ្វើពលិកម្មបូជាសាច់ស្រស់ឈាមស្រស់ ដែលជាសក្ខីភាពបង្ហាញឲ្យឃើញពីគុណបំណាច់ដ៏ធំធេង ក្នុងការចូលរួមមប្រើ និងការពារ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនរបស់ខ្លួន។
គួររំលឹកថាផងដែរថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ក្នុងឱកាសអបអរសាទរខួបទី ៩ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា ដែលបានប្រារព្ធ ធ្វើឡើងនៅសាលមហោស្រព និងពិព័ណ៌កោះពេជ្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសផ្តល់ថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិកប្រចាំឆ្នាំ សម្រាប់ជួយឧបត្ថម្ភដល់គ្រួសារយុទ្ធជនដែលបានពលីក្នុងបុព្វហេតុផ្សេងៗ។ ដោយឡែក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបំផុស និងកៀរគរពីសប្បុរសជនឲ្យជួយឧបត្ថម្ភថវិកាក្នុងការសាងសង់ផ្ទះជូនដល់គ្រួសារយោធិនពិការផងដែរ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលត្រូវយកទៅផ្តល់ជូនយោធិនពិការទាំង ៤២០គ្រួសារ នោះ ក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ៥ម៉ឺនរៀល រួមជាមួយនឹង ប្រហុក ១គីឡូក្រាម និងទឹកសុទ្ធ ១កេស ជាអំណោយរបស់ លោកជំទាវ វ៉ាន់ លុយ សមាជិកស្ថាបនិកមួយរូប នៃមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ៕