(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នងផ្ទះទី២៤៣ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ:នាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ខេត្តកំពង់ធំ។
លោក សុទ្ធ ម៉ារី អភិបាលរងស្រុកបារាយណ៍ បានឡើងថ្លែងអំណរគុណចំពោះសម្ដេចតេជោហ៊ុនសែន ដែលបានផ្ដល់ផ្ទះថ្មីជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនពលីឈ្មោះ ប៉ែន ចាន់សេរី អាយុ៤៥ឆ្នាំ ត្រូវជាភរិយាលោកព្រិន្ទបាលទោ អាត ភី អាយុ៥១ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៩ នៅអង្គភាពកងពលតូចលេខ៥១ ខេត្តបន្ទាយមានជ័យ ហើយបានពលីជីវិតនៅឆ្នាំ២០១៣ ដោយជំងឺគ្រុនចាញ់ បច្ចុប្បន្ននេះលោកស្រី ប៉ែន ចាន់សេរី មានកូនក្មុងបន្ទុកចំនួន២នាក់ ដោយប្រកបរបរជាអ្នកអនាម័យតាមភោជនីយដ្ឋាន ដើម្បីបានប្រាក់កម្រៃសម្រាប់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។
ឧត្ដមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ថា ដោយមើលឃើញពីការលំបាកនេះ និងដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ គន់ គីម បានចាត់តាំងក្រុមការងារសាងសង់ផ្ទះជូនគាត់នៅ ពេលនេះដែលជាខ្នងផ្ទះទី២៤៣ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព ដើម្បីភាពសុខសាន្តនៅក្នុងមូលដ្ឋាននិងសង្គមជាតិ និងសូមអញ្ជេីញទៅចាក់វ៉ាក់សាំងដូសទី៥ និងដូសទី៦ ដែលជាដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើឲ្យប្រទេសជាតិគ្មានអ្នកណាម្នាក់មានជងឺកូវីដ១៩ ។
នៅក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមមាន ៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ត្រីខចំនួន២យួរ ទឹកត្រី ចំនួន១យួរ ទឹកបរិសុទ្ធចំនួន២យួរ និងសម្ភារៈសម្រាប់ បប្រើប្រាស់ក្នុងផ្ទះបាយព្រមទាំងថវិកា មួយចំនួន៕