(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានលើកទឹកចិត្តឲ្យមហាជនថតរូបមុនថ្ងៃរៀបការ (Pre-Wedding) ដោយប្រើសម្លៀកបំពាក់ប្រពៃណី នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ។

លោកស្រីរដ្ឋមន្ត្រីលើកទឹកចិត្តបែបនេះ​ ពេលអញ្ជើញបើកកម្មវិធីសន្និបាតបូកសរុបការងាររបស់ក្រសួងវប្បធម៌ សម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៣ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសីទចតុម្មុខ។

ជាមួយនឹងក្តីពេញចិត្ត លោកស្រី ភឿង សកុណា ក៏បានផ្តាំផ្ញើដល់អាជ្ញាធរជាតិអប្សរា តាមដានរឿងនេះផងដែរ នៅពេលមហាជនទៅថតនៅទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ ជាពិសេសពាក់ព័ន្ធនឹងការស្លៀកពាក់របស់ពួកគាត់ នៅពេលថតរូប។

លោកស្រីរដ្ឋមន្ត្រី បានសម្តែងក្តីពេញចិត្តដែលឃើញចំនួនផលិតភាពយន្ត-វីដេអូ មានការកើនឡើង នៅឆ្នាំ២០២២។

លោកស្រីលើកឡើងថា ចំពោះសូចនាករពាក់ព័ន្ធនឹងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍប្រភពកំណើនគន្លឹះ និងថ្មីៗ ដែលមានចែងក្នុង​​ឯកសារយុទ្ធសាស្ត្រចំនួន៣ ក្រសួងបានផលិត និងជំរុញការផលិតភាពយន្ត-វីដេអូ ក្នុងប្រទេសកម្ពុជា បានចំនួន ៣៩៨១ភាពយន្ត-វីដេអូ លើគោលដៅកំណត់ចំនួន ២៩៤ភាពយន្ត-វីដេអូ។ បើធៀបនឹងឆ្នាំ២០២១ កំណើនភាពយន្ត-វីដេអូ នៅឆ្នាំ២០២២ មានការកើនឡើងខ្លាំង ក្នុងគម្លាត ២៥៨៦ភាពយន្ត-វីដេអូ ដែលភាគច្រើនដយសារកំណើន នៃការថត Pre-Wedding ក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា៕