(ភ្នំពេញ)៖ ប្រទេសបារាំងបានយកប្រទេសកម្ពុជា ធ្វើជាច្រកចូលតំបន់អាស៊ាន។ នេះជាការលើកឡើងរបស់ លោក អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស។

ក្នុងសន្និសីទសារព័ត៌មានមួយ នៅស្ថានទូតបារាំងប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោក អូលីវ្យេ បិច បានពន្យល់ថា ការណ៍ដែលបារាំងយកកម្ពុជា ធ្វើជាច្រកចូលអាស៊ាន ព្រោះកម្ពុជាគឺជាប្រទេសនិយាយភាសាបារាំង។ លោកពន្យល់ទៀតថា ម្យ៉ាងវិញទៀត កម្ពុជាគឺជាទីតាំងងាយស្រួលនៅអាស៊ាន ដែលអាចនាំចេញទៅកាន់តំបន់ទាំងមូល មិនតែប៉ុណ្ណោះក្រុមហ៊ុនកម្ពុជា ក៏អាចពឹងទៅលើក្រុមហ៊ុនបារាំង ក្នុងការនាំចេញទៅអឺរ៉ុប និងអាហ្វ្រិកទៀតផង។

លោក អូលីវ្យេ បិច បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំគិតថា ប្រទេសកម្ពុជា ជាគោលដៅដ៏ល្អជាងគេនៅអាស៊ាននេះ ជាពិសេសដោយសារកម្ពុជា ជាប្រទេសនិយាយភាសាបារាំង ដូច្នេះហើយនេះជាចំណុចទាក់ទាញសំខាន់ សម្រាប់ក្រុមហ៊ុនបារាំង។ ខ្ញុំគិតថា ប្រហែលជាពួកគាត់ស្រួលវិនិយោគ នៅក្នុងប្រទេសដែលប្រើប្រាស់ភាសាបារាំង ដូចកម្ពុជានេះ។ ពាក់ព័ន្ធនឹងគោលបំណងរបស់ប្រទេសបារាំង ក្នុងការយកប្រទេសកម្ពុជា គឺជាច្រកចូលអាស៊ាន ខ្ញុំចង់គូសបញ្ជាក់ថា ដោយសារមានភាពងាយស្រួលនៅក្នុងប្រទេសកម្ពុជា ដូច្នេះចាប់ពីប្រទេសកម្ពុជា គឺយើងអាចនាំចេញទៅប្រទេសផ្សេងៗ នៅក្នុងតំបន់នេះដែរ ពីព្រោះប្រទេសកម្ពុជា ជាគោល។ ម្យ៉ាងទៀត ក្រុមហ៊ុនកម្ពុជា ក៏អាចពឹងទៅលើក្រុមហ៊ុនបារាំង ក្នុងការនាំចេញទៅអឺរ៉ុបផងដែរ មិនត្រឹមតែអឺរ៉ុបទេ អាចនាំទៅដល់អាហ្វ្រិកទៀត ដោយសារក្រុមហ៊ុនបារាំង មានវត្តមានច្រើននៅអាហ្វ្រិក»

លោកបន្តថា នៅកម្ពុជាមានក្រុមហ៊ុនបារាំងប្រមាណ ១៥០ក្រុមហ៊ុន កំពុងធ្វើអាជីវកម្ម និងដែលបានចុះបញ្ជីនៅសភាពាណិជ្ជកម្មកម្ពុជា-បារាំង។

សូមបញ្ជាក់ថា បារាំង គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា នៅក្នុងសហគមន៍អឺរ៉ុប ជាក់ស្ដែងនៅឆ្នាំ២០២២ ភាគីទាំងពីរសម្រេច បានទំហំពាណិជ្ជកម្មប្រមាណ ៥០០លានដុល្លារអាម៉េរិក ជាមួយកំណើនប្រមាណ ១៦.៣១% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤៣០លានដុល្លារអាម៉េរិក។

ទំនិញមានសក្តានុពលដែលនាំចេញពីកម្ពុជាទៅបារាំង រួមមាន៖ អង្ករ ផលិតផលកសិកម្ម សំលៀកបំពាក់ និងស្បែកជើង ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីបារាំងមកកម្ពុជាវិញ រួមមាន៖ ឱសថ បន្ទះក្តារ និងភេសជ្ជៈ៕