(មណ្ឌលគិរី)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ ចុះទស្សនកិច្ចកសិដ្ឋាន Yamato Farm ជាទីតាំងដាំបន្លែសិរីរាង្គ និងសុវត្ថិភាព ដែលដាំនៅក្នុងផ្ទះសំណាញ់ ស្ថិតសង្កាត់អូរស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ក្រោមទុនវិនិយោគជាង១លានដុល្លារអាមេរិក លើទំហំដីប្រមាណ៤ហិកតា។

ក្នុងឱកាសចុះទស្សនកិច្ច ទីតាំងដាំបន្លែសិរិរាង្គ និងសុវត្ថិភាព ខាងលើនេះ លោក ឌិត ទីណា បានពិនិត្យពីលក្ខណៈ ស្ថានភាពនៃផ្ទះសំណាញ់ ដូចជាទំហំ ផ្ទៃដីដាំ ពូជដំណាំ ការប្រើប្រាស់ជី និងប្រភេទគ្រឿងចក្រ សម្រាប់ដំណើរការក្នុងផលិតកម្ម។

ជាមួយគ្នានេះផងដែរ លោកក៏បានបង្ហាញពីចំណាប់អារម្មណ៍ អំពីការប្រើប្រាស់របស់កសិដ្ឋាន និងបានណែនាំឲ្យធ្វើការសិក្សា ពីបញ្ហាប្រឈម និងតម្រូវការរបស់កសិដ្ឋាន ពិសេសទុនវិនិយោគ ហើយក្រសួងអាចពិនិត្យលទ្ធភាព សម្របសម្រួលតាមដែលអាចធ្វើទៅបាន។ លើសពីនេះទៀត គឺត្រូវសិក្សាលទ្ធភាព នាំចេញកសិផលទៅប្រទេសជប៉ុន។

កញ្ញា អ៊ុន សុភារៈ អគ្គនាយិការរង នៃក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន បានឲ្យដឹងថា ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ត្រូវបានបង្កើតឡើង ក្រោមទុនវិនិយោគជាង១លានដុល្លារ។ បេសកម្មវិនិយោគរបស់ យ៉ាម៉ាតុ ហ្គ្រីន ជំរុញការធ្វើកសិកម្មបែបសេដ្ឋកិច្ច មានស្តង់ដារច្បាស់លាស់ ដើម្បីលទ្ធភាពពង្រីកការផលិត កែច្នៃ និងនាំចេញ។

កញ្ញា អ៊ុន សុភារៈ បន្ដទៀតថា បច្ចុប្បន្នក្រុមហ៊ុន មានកសិដ្ឋានផលិតបន្លែចំនួន២កន្លែង មានហាងលក់បន្លែដុំ១កន្លែង និងរាយ១កន្លែង មានបុគ្គលិកសរុប៤០នាក់ បុគ្គលិកជប៉ុន២នាក់ និស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្ម ពីប្រទេសជប៉ុន២រូប។

អគ្គនាយិការរង នៃក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន បានគូសបញ្ជាក់ថា ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន មានកសិដ្ឋានផលិតបន្លែប្រណិតផ្ទាល់ខ្លួន ចំនួន២ខេត្ត៖

ទី១៖ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី មាន២១ខ្នងផ្ទះសំណាញ់ ដាំបន្លែ២៥មុខរួមមាន៖ សាលាដ៦ប្រភេទ, ស្ពៃចង្កឹះ, ស្ពៃតឿ, ស្ពៃក្ដោបផ្កាម្លិះ, ស្ពៃក្ដោបស្វាយ, ខ្ទឹមបារាំង, ស្លឹកខ្ទឹមខ្យល់, ស្លឹកគូឆាយ, ការ៉ុត១០, ត្រប់វែង, តាំងអោ, ឆៃថាវ, ស្ពៃបូគោ, ប៉េងប៉ោះក្រហមជូអែម, ប៉េងប៉ោះទំពាំងបាយជូ, ប៉េងប៉ោះធំក្រហម, ប៉េងប៉ោះផ្អែមលឿង, ម្ទេសវែងក្រហម, ខាត់ណាដើម, ខាត់ណាផ្កា, ស្ពៃពួយឡេង, មើមឆៃថាវក្រហម។

ទី២៖ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ១០ខ្នងផ្ទះសំណាញ់ ដាំដុះបន្លែចំនួន៧មុខ រួមមាន៖ ត្រសក់ផ្អែម Melon, ត្រសក់វែងជប៉ុន, ម្ទេសហាវ៉ៃ បៃតង, ម្ទេសប្លោកផ្អែមបៃតង, ប៉េងប៉ោះលឿងផ្អែម, ប៉េងប៉ោះតូចក្រហមជូអែម, ប៉េងប៉ោះទំពាំងបាយជូ។

កញ្ញា អ៊ុន សុភារៈ បានឲ្យដឹងទៀតថា ការអនុវត្ត បច្ចេកទេសដាំដុះវិលជុំ ប្រមូលផល៤ដង ក្នុង១សប្ដាហ៍ ប្រើប្រាស់ពូជ៩០% ជាពូជមកពីជប៉ុន និងប្រើប្រាស់ជីសរីរាង្គ ដែលក្រុមហ៊ុនបាននឹងកំពុងនាំចូល មកដោយផ្ទាល់ពីប្រទេសជប៉ុន។ សរុបបរិមាណប្រមូលផលជាសប្តាហ៍ ចេញពីកសិដ្ឋានទាំងពីរ របស់យ៉ាម៉ាតុ ហ្គ្រីន ឯ.ក ចន្លោះពី២០០០គីឡូ ទៅ២៥០០គីឡូ៕