(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង់ ​និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ បានជំរុញឱ្យមន្ត្រីមូលដ្ឋានឃុំព្រៃអំពក បន្តជំរុញកិច្ចការងារភូមិឃុំមានសុវត្ថិភាព និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

លោកស្រីបណ្ឌិត បានលើកឡើងថា ការថែរក្សាបាននូវភូមិឃុំមានសុវត្ថិភាពល្អ គ្មានគ្រឿងញៀន គ្មានល្បែងស៊ីសងខុសច្បាប់ ហើយបន្តខិតខំបម្រើសេវាសាធារណៈបានល្អ គឺជាមន្តស្នេហ៍ទាក់ចិត្តពលរដ្ឋយ៉ាងប្រាកដ។

លោកស្រី កុយ ពិសី បានលើកឡើងដូចនេះ ក្នុងឱកាសដែលលោកស្រី បានចុះជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំភូមិឃុំ និងសមត្ថកិច្ចនៅមូលដ្ឋានឃុំព្រៃអំពក ស្រុកគិរីវង្ស ខេត្តតាកែវ និងធ្វើជាសាក្សីក្នុងឪកាសចុះហត្ថលេខាស្តីពីការប្រឡងប្រណាំងភូមិឃុំមានសុវត្ថិភាព នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ។

ជាថ្មីម្ដងទៀត លោកស្រីបណ្ឌិត កុយ ពិសី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ នៅឃុំព្រៃអំពកទាំងអស់ ដែលបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសគាំទ្រដល់ការដឹកនាំដ៏ឆ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមថែរក្សាការពារសុខសន្ដិភាព ដែលកម្ពុជាបានរកមកដោយលំបាកកុំឱ្យមានការបាត់បង់ឡើយ៕