(បន្ទាយមានជ័យ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យអាជ្ញាធរ និងមន្រ្តីជំនាញ ក្នុងខេត្តបន្ទាយមានជ័យ បន្តខិតខំពិនិត្យ វាស់វែង ស្រាវជ្រាវ និងស្រង់ទិន្នន័យប្រជាពលរដ្ឋ ដែលអាស្រ័យផលជាក់ស្តែងយូរអង្វែងក្នុងព្រៃលិចទឹកតំបន់២ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពួកគាត់។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យករណីទីតាំងដីដែលរដ្ឋបាលខេត្តស្នេីសុំកែសម្រួលតំបន់២​ និងតំបន់៣​ នៃតំបន់ទន្លេសាបក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា ក្រុមការងារខេត្ត និងមន្ទីជំនាញ ត្រូវពិនិត្យស្រាវជ្រាវវាស់វែង និងស្រង់ទិន្ធន័យគ្រួសារប្រជាពលរដ្ឋដែលបានតាំងលំនៅ គ្រប់គ្រង កាន់កាប់ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងក្នុងដែនព្រៃលិចទឹកនៅតំបន់២ មុនកែសម្រួលព្រំដីរដ្ឋក្នុងដែនព្រៃលិចទឹកតំបន់៣ និងតំបន់២ ភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ដែលសុំកាត់ឆ្វៀលដីភូមិឋានដែលប្រជាពលរដ្ឋបានតាំងទីលំនៅគ្រប់គ្រងកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងយូរហើយ នៅក្នុងដែនព្រៃលិចទឹកនៅតំបន់២ បញ្ចូលក្នុងតំបន់១ ស្ថិតនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ។

បើតាម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ព្រៃលិចទឹកតំបន់៣មានទំហំ១២.២៧៩.១៨ហិកតា ក្នុងនោះមានស្រុកព្រះនេត្រព្រះមានផ្ទៃដីចំនួន៩.៨៦៧ហិកតា គ្រប់ដណ្តប់លើឃុំប្រាសាទមាន២ភូមិ មានផ្ទៃដីចំនួន៤.៩៩៤ហិកតា និងភ្នំលៀបចំនួន៤ភូមិមានផ្ទៃដីចំនួន៤.៨៧២ហិកតា និងស្រុកមង្គលបូរីមានផ្ទៃដីចំនួន២.៤១២ហិកតា គ្រប់ដណ្តប់លើឃុំសំបួរចំនួន៥ភូមិ។

លោកបានបញ្ជាក់ថា៖ ក្រុមការងារចម្រុះបានចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនក្រសួងធនធានទឹក និងឧតុនិយម ចំនួន១១ប័ណ្ណស្មើទំហំ១២.២៧៩.១៨ហិកតា ក្នុងនោះមាន៦ប័ណ្ណនៅស្រុកព្រះនេត្រព្រះមានទំហំផ្ទៃដី៩.៨៦៦.៨៦ហិកតា និង៥ប័ណ្ណនៅស្រុកមង្គលបូរីមានទំហំផ្ទៃដី២.៤១២.៣២ហិកតា ហើយបានកែសម្រួលផ្ទៃទីទំហំ៥៨.១៦ហិកតា ចេញពីតំបន់៣បញ្ជូលទៅតំបន់២ពាក់ព័ន្ធក្បាលដីចំនួន២២ប័ណ្ណនៅភូមិកាបៅ និងភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ប្រគល់ជូន២២គ្រួសារ ប្រើប្រាស់ និងអាស្រ័យផល និងស្នើសុំកែសម្រួលព្រំប្រទល់តំបន់២មានផ្ទៃដីទំហំ១៧.៧៥៥.០៥ហិកតា ហើយរដ្ឋបាលខេត្តសុំក្រសួងពិនិត្យ និងសម្រេច។

លោកអភិបាលបានបញ្ជាក់ថា ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញសរុប៨០១គ្រួសារ ស្មើ៤.៧៥៩.៦៧ហិកតា ក្នុងនោះមានស្រុកព្រះនេត្រព្រះចំនួន៦៥១គ្រួសារ ស្មើនឹង ៤.២៦២.៦៧ហិកតា ស្រុកមង្គលបូរីចំនួន១៥០គ្រួសារស្មើនឹង៤៩៧ហិកតា វាស់ដីប្រជាពលរដ្ឋប្រគល់ជូនរដ្ឋវិញសរុប៦៩៩គ្រួសារស្មើ៣៨ក្បាលដីទំហំសរុប៤.៧៦៧ហិកតា ដាំកូនឈើ៨លើកមានគ្រាប់ត្នោត១៨.៦៦០គ្រាប់ គុម្ពឫស្សី៧.២២០ហិកតា ដើមរាំងទឹក៦.៩០០ដើម រំដេញ៦០០ដើម ប្រវែងសរុប១២គីឡូម៉ែត្រ៕