(ប៉ារីស)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា ម៉ាគែល និងប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូឡង់ បានថ្លែងរួមគ្នាថា ពួកគេមានកិច្ចព្រមព្រៀងពេញលេញមួយហើយ ក្នុងការដោះស្រាយបញ្ហាបន្ទាន់ បន្ទាប់ពីចក្រភពអង់គ្លេសសម្រេចចិត្ត ចាកចេញពីសហភាពអឺរ៉ុប ដែលជារឿងមួយកំពុងបង្កឲ្យមានការភ័យព្រួយ ថានឹងអាចមានការបែកខ្ញែក។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០១៦។
លោក ហូឡង់ បានបញ្ជាក់ក្នុងជំនួបជាមួយលោកស្រី ម៉ាគែល នៅថ្ងៃចន្ទនេះថា «ការបំបែកខ្លួន បានបង្កឲ្យយើង ប្រឈមមុខនឹងហានិសភ័យនៃ ការបែកខ្ញែក, ខ្វែងគំនិតគ្នា និងជម្លោះ»។ កិច្ចប្រជុំបន្ថែមទៀត នឹងត្រូវធ្វើឡើងនៅ ទីក្រុងប៊ែរឡាំងរបស់អាល្លឺម៉ង់ ដើម្បីធ្វើការដោះស្រាយបញ្ហាផ្នែកការទូត បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប ដោយបាននិងកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់លំនឹងសេដុ្ឋកិច្ចជាសកល។
គួរបញ្ជាក់តាមអ្នកជំនាញសេដ្ឋកិច្ចអង់គ្លេសថា ប្រាក់ផោនរបស់អង់គ្លេស នៅតែបន្តធ្លាក់ចុះដដែលនៅលើទីផ្សារអាស៊ី ហេតុនេះអ្នកជំនាញបានអំពាវនាវ ឲ្យបន្តការវិនិយោគជាមួយចក្រភពអង់គ្លេស ពីសំណាក់ដៃគូនានាដដែលដើម្បីឲ្យ ទីផ្សារមានសភាពធម្មតាឡើងវិញ។ អង់គ្លេសត្រូវបានគេជឿជាក់ថា នឹងប្រឈមមុខចំពោះអនាគតដ៏ខុសប្លែកពីមុន ខណៈដែលបញ្ហាប្រយុទ្ធប្រឆាំងគ្នាផ្នែកហិរញ្ញវត្ថុ នឹងកើតមានឡើងយ៉ាងពិតប្រាកដ៕