(ភ្នំពេញ)៖ កម្ពុជា-វៀតណាម បានសន្យារួមគ្នាគ្រប់គ្រងច្រកទ្វារព្រំដែន នៃប្រទេសទាំងពីរឲ្យបានកាន់តែល្អប្រសើរ ដោយអនុវត្តតាមវិធានការបែបបទរដ្ឋបាល ក៏ដូចកិច្ចព្រមព្រៀងនានា ដែលប្រទេសទាំងពីរធ្លាប់បានធ្វើនាពេលកន្លងមក។
ការសន្យានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រ វេសន៍កម្ពុជា ជាមួយឧត្តមសេនីយ៍ទោ ហ្វាង ស៊ុនជៀន មេបញ្ជាការកងទ័ពការពារព្រំដែន ក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅកិច្ចប្រជុំពិភាក្សា បានប្រព្រឹត្តទៅដោយបរិយាកាសមិត្តភាព យោគយល់ គោរពគ្នាទៅវិញទៅមក និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនចំណុច ដែលនឹងជួយឲ្យការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ នៃប្រទេសទាំងពីរ បានកាន់តែល្អប្រសើរ។
លទ្ធផល នៃកិច្ចប្រជុំនេះ មានដូចខាងក្រោម៖
១. ភាគីទាំងពីរឯកភាពវាយតម្លៃ លើការអនុវត្តកំណត់ហេតុ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នៅខេត្តសៀម រាប ក្នុងពេលកន្លងមក ដោយភាគីទាំងពីរ បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមខ្លឹមសារ ដែលបានព្រមព្រៀង និងលទ្ធផល ដែលសម្រេចបានរួមចំ ណែកក្នុងការធានាល្អ នូវសន្តិសុខ សណ្តាប់ធ្នាប់ បង្កលក្ខណៈឲ្យសកម្មភាព នៃការធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើនសាមគ្គីភាព មិត្តភាព យោគយល់គ្នាទៅវិញទៅមក រវាងកងទ័ពការពារព្រំដែនវៀតណាម និង អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ក៏ដូចជាប្រជាជន នៃប្រទេសទាំងពីរ។
២. ភាគីទាំងពីរឯកភាពគ្នាបន្តអនុវត្តបណ្តាខ្លឹមសារ ដែលបានព្រមព្រៀង សម្រេចបានកាលពីប្រជុំលើកមុន ព្រមទាំងបង្កើនការផ្លាស់ប្តូរព័ត៌មាន សភាពការណ៍ពាក់ព័ន្ធដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការចេញចូលឆ្លងកាត់ព្រំដែន សកម្មភាព នៃបណ្តាប្រភេទបទល្មើស នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ ក៏ដូចជាការប្រែប្រួល ដែលមានភាពស្មុគស្មាញ ដល់ការអនុវត្តភារកិច្ចរបស់ភាគីទាំងពីរ ដើម្បីមានវិធានការសហការដោះស្រាយ ឲ្យបានទាន់ពេលវេលា។
៣. ភាគីទាំងពីរយកចិត្តទុកដាក់សហការ ធ្វើឲ្យការងារគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ការត្រួតពិនិត្យ ការចេញចូលឆ្លងកាត់ព្រំដែនដោយអនុវត្តវិធានការតាមបែបបទរដ្ឋបាល ក្នុងការចេញ-ចូលឆ្លងកាត់ព្រំដែន ជំរុញដំណើរឆ្លងកាត់ព្រំដែន ដោយអនុវត្តវិធានការតាមបែបបទរដ្ឋបាល ក្នុងការចេញ-ចូល ឆ្លងកាត់ព្រំដែនទាំងសងខាង ក្នុងការប្រកបមុខរបររកស៊ី សួរសុខទុក្ខញាតិសន្តាន និងផ្លាស់ប្តូរទំនិញ។
៤. ភាគីទាំងពីរបន្តបង្កើនកិច្ចសហការ ក្នុងការបង្រ្កាបទល្មើសឆ្លងដែន ដោយធ្វើឲ្យបានល្អនូវការផ្លាស់ប្តូរព័ត៌មាន សភាពការណ៍បទល្មើស ក្នុងការបង្ការ និង បង្រ្កាបបទល្មើសផ្សេងៗ ព្រមទាំងសហការដោះស្រាយឲ្យបានទាន់ពេលនូវរាល់សភាពការណ៍ ដោយមិនទុកឲ្យបញ្ហាស្មុគស្មាញកើតមានឡើងនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ នៃប្រទេសទាំងពីរ។
៥. ភាគីទាំងពីរបានឯកភាពចាត់តាំងការផ្សព្វផ្សាយ និងអនុវត្តឲ្យបានល្អបណ្តាកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ដែលមានពាក់ព័ន្ធ ដើម្បីបង្កើនការគ្រប់គ្រងសកម្មភាពចេញ-ចូលឆ្លងកាត់ព្រំដែន ផ្សព្វផ្សាយបង្ការទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់។ សហការដោះស្រាយឲ្យបានល្អបណ្តារឿងហេតុ ដែលកើតមាន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការរស់នៅរបស់ប្រជាជន នៃប្រទេសទាំងពីរ ដោយឈរលើគោលការណ៍ច្បាប់ នៃប្រទេសនីមួយៗ។ ទន្ទឹមនោះបណ្តាអង្គភាព នៃភាគីទាំងពីរជួបប្រាស្រ័យផ្លាស់ប្តូរការងារ ឲ្យបានជាប្រចាំ និងជំរុញឲ្យបានខ្លាំងនូវរាល់សកម្មភាព ប្រាស្រ័យផ្លាស់ប្តូរវប្បធម៌ សិល្បៈ កីឡា បង្កើនចំណងសាមគ្គីភាព មិត្តភាពកម្ពុជា-វៀតណាម៕