(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជំរុញអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។

ការថ្លែងបែបនេះរបស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

បន្ថែមលើសពីនេះលោកអភិបាលខេត្ត បាកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តបានល្អប្រសើ។

លោកបានដាក់ចេញទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ រដ្ឋបាលសាលាខេត្តត្រូវត្រៀមលក្ខណៈរៀបចំកម្មវិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
*ទី២៖ អាជ្ញាធរ ក្រុង-ស្រុក ត្រូវពង្រឹងការការនុវត្តការគ្រប់គ្រងដីរដ្ឋឱ្យមានប្រសិទ្ធភាព
*ទី៣៖ ត្រូវបន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំងឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ជាពិសេសដូសទី៣ ដូសទី៤ ដូសទី៥ និងដូសទី៦។
*ទី៤៖ រដ្ឋបាលក្រុង-ស្រុក ត្រូវជំរុញការរៀបចំផែនកាថវិកាឃុំសង្កាត់ឱ្យបានឆាប់រហ័ស
*ទី៥៖ បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់
*ទី៦៖ អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។

សូមបញ្ជាក់ថា មួយរយៈពេលនេះមានក្រុមក្មេងទំនើងបានដេញវាយគ្នានៅតាមផ្លូវមួយចំនួនក្នុងខេត្តស្វាយរៀង ពុំត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបានឡើយ ហើយក្រុមក្មេងទំនើងនេះដែរហាក់កុំខ្លាចសមត្ថកិច្ចនោះទេ ដែលនាំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុវត្ថិភាពក្នុងការធ្វើដំណើរ ពួកគាត់ បានស្នើដល់លោកស្នងការនគរបាលខេត្តស្វាយរៀង សូមមានវិធានការចំពោះក្រុមក្មេងជំនើងនេះផង ដែលតែងតែអុកឡុកវាយតប់គ្នាតាមផ្លូវបង្ករអសន្តិសុខពេកហើយ៕