(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំបូកសរុបការងារភូមិមួយផលិតផលមួយ ឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ណែនាំឲ្យភាគីពាក់ព័ន្ធ និងវិស័យឯកជនជំរុញការងារចលនា ភូមិមួយផលិតផលមួយ ឱ្យមានដំណើរការកាន់តែល្អប្រសើរឡើង។

លោកអភិបាលខេត្ត បានថ្លែងថា ការជួបជុំគ្នាក្នុងពេលនេះ គោលបំណងរួមគឺចង់ឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រ និងជំរុញការងារចលនា ភូមិមួយផលិតផលមួយឱ្យមានដំណើរការ កាន់តែល្អប្រសើរ ហើយបើពិនិត្យជារួម ឃើញថាសមាសភាពភាគច្រើនមកចូលរួមនាព្រឹកនេះ គឺជាវិស័យឯកជន ដែលមានមា្ចស់សិប្បកម្ម សេវាកម្ម សហគ្រាស អាជីវករ ផលិតករ អាជិវករ ជាពិសេស ម្ចាស់ផលិតផលប្រមាណជិត ៤០រូប ដែលជាសមាជិកចលនាភូមិមួយ ផលិតផលមួយ នៃគណៈកម្មាធិការជម្រុញចលនាភូមិមួយផលិតផលមួយខេត្តកំពង់ចាម។

លោកអភិបាលខេត្តបានបន្តថា ជាការពិត វិស័យឯកជនជាផ្នែកមួយយ៉ាងសំខាន់ ហើយត្រូវចាត់ទុកជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។ តាមខ្លឹមសារនៃគោលនយោបាយជាតិ ចលនាភូមិមួយផលិតផលមួយ គឺជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍចម្រុះ នៅតាមសហគមន៍ ដែលសកម្មភាពនេះ គឺជា កម្លាំងចលករដ៏សំខាន់ និងមានប្រសិទ្ធភាព ក្នុងការចូលរួមចំណែកជួយពន្លឿនសេដ្ឋកិច្ចជាតិ។

ប៉ុន្តែទោះជាយ៉ាងណា ដើម្បីធ្វើឱ្យដំណើរការអនុវត្តចលនាភូមិមួយ ផលិតផលមួយមានស្ថេរភាព និងរីកចម្រើនបាន ទាំងអស់គ្នាត្រូវប្រកាន់ខ្ជាប់អនុវត្តតាមគោលការណ៍គ្រឹះសំខាន់៣គឺ៖

*ទី១៖ គិតជាសកលដោយធ្វើតាមមូលដ្ឋាន គឺសំដៅទៅលើគំនិតដែលស្ថិតនៅជាប់ជាមួយនឹងវប្បធម៌ ប្រពៃណីដែលមាននៅតាមមូលដ្ឋាន ហើយពួកគេបង្កើតផលិតផលទាំងឡាយ ដែលអាចរកទីផ្សារបាន។

*ទី២៖ ការពឹងផ្អែកលើខ្លួនឯង និងការឆ្នៃប្រឌិតរស់រវើក មានន័យថា ប្រជាជនក្នុងមូលដ្ឋាន អាចសម្រេចចិត្តផលិតនូវផលិតផលនានា ទាំងទំនិញ និងសេវាកម្មសម្រាប់ចលនាភូមិមួយ ផលិតផលមួយ ដែលនៅក្នុងមូលដ្ឋានយើង ហើយរដ្ឋបាលមូលដ្ឋាននោះ ត្រូវមានភារកិច្ចសម្របសម្រួល ផ្នែកបច្ចេកទេស និងទីផ្សារ។

*ទី៣៖ កត្តាជោគជ័យរបស់ភូមិមួយផលិតផលមួយ គឺការអភិវឌ្ឍធនធានមនុស្ស ហើយចលនានេះ នឹងពុំអាចទទួលជោគជ័យបាន ប្រសិនបើគ្មានការប្រមើល មើលទៅថ្ងៃមុខ នូវអ្នកដឹកនាំតាមមូលដ្ឋានទាំងនោះ។ ដូច្នេះ ជាការចាំបាច់ត្រូវអភិវឌ្ឍសហគមន៍មួយដោយត្រូវឆ្លើយតបប្រកបដោយច្នៃប្រឌិតរស់រវើក ក្នុងខណៈពេលដែលមានការប្រឈមមុខនឹង ការលំបាក ឬហានិភ័យផ្សេងៗ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ពាក់ព័ន្ធនឹងគោលការណ៍នេះ សម្រាប់ខេត្តកំពង់ចាមពិតជាមានសក្តានុពលគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយជាតិ ចលនាភូមិមួយផលិតផលមួយ ជាក់ស្តែងគិតត្រឹមឆ្នាំ២០២៣ នេះ ថ្នាក់ជាតិបានទទួលស្គាល់បញ្ចូលជាសមាជិកចលនាភូមិមួយផលិតមួយបានចំនួន៣៥មុខផលិតផលរួចមកហើយ។ ប៉ុន្តែយើងនៅមានផលិតផល ដែលមានសក្តានុពលជាច្រើនទៀត ដែលនឹងត្រូវជ្រើសរើសចាត់បញ្ចូល ជាសមាជិក។

ហេតុដូចនេះហើយ ប្រសិនបើមូលដ្ឋានយើងមានការគិតគូរ ផ្លាស់ប្តូរឥរិយាបទ មានឆន្ទៈមោះមុត អនុវត្តឱ្យបានតាមគោលការណ៍គ្រឹះសំខាន់ទាំង ៣ខាងលើ នោះមូលដ្ឋានយើង នឹងទទួលបានផលប្រយោជន៍ជាច្រើន ដូចជា បានបង្កើនការងារនៅក្នុងសហគមន៍ ហើយធ្វើឱ្យមានការកាត់បន្ថយភាពគ្មានការងារធ្វើ និងការធ្វើចំណាកស្រុក ការបង្កើនបរិមាណផលិតផលក្នុងស្រុក ហើយគុណភាពត្រូវបានលើកកំពស់ និងទទួលបាននូវការជឿទុកចិត្តផងដែរ៕