(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងពិចារណារៀបចំឱ្យកន្លែងស្នាក់នៅក្នុងសាលា (អន្ទេសវាសិកដ្ឋាន) សម្រាប់សិស្សនិស្សិតជាស្ត្រី សិស្សនិស្សិតក្រីក្រ និងនិស្សិតបរទេសដែលមកសិក្សានៅកម្ពុជា ព្រមទាំងលើកទឹកចិត្តឱ្យបណ្ដាសាកលវិទ្យាល័យនានារៀបចំឱ្យមានអន្ទេសវាសិកដ្ឋាននេះផងដែរ។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៃសាកលវិទ្យាល័យវេស្ទើនជាង៣ពាន់នាក់ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងពិចារណារៀបចំកន្លែងស្នាក់នៅរបស់និស្សិត ឬអន្ទេសវាសិកដ្ឋានសម្រាប់សិស្សស្រី សិស្សក្រីក្រ និងសិស្សបរទេស។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំកំពុងពិនិត្យដើម្បីកសាងអន្ទេសវាសិកដ្ឋាននៅទីកន្លែងណាមួយ ថែមលើអន្ទេសវាសិកដ្ឋានដែលមានក្នុងពេលសព្វថ្ងៃនេះ សម្រាប់និស្សិតជាស្ត្រី និងនិស្សិតក្រីក្របន្ថែមទៀត ក៏ដូចជានិស្សិតបរទេសដែលនឹងមករៀននៅកម្ពុជា»

សម្ដេចតេជោបានបញ្ជាក់ថា គ្រប់សាកលវិទ្យាល័យទាំងអស់គួររៀបចំឱ្យមានអន្ទេសវាសិកដ្ឋានសម្រាប់និស្សិត និងដើម្បីឱ្យនិស្សិតដែលមកពីតាមភូមិតាមឃុំមានឱកាសស្នាក់នៅ ជាពិសេសនិស្សិតជាស្ត្រី។ ការរៀបចំបែបនេះ គឺជំរុញដល់ការសិក្សារបស់សិស្សនិស្សិតឱ្យកាន់តែល្អប្រសើរ។

សម្ដេចតេជោបានបន្ថែមថា អ្វីដែលរាជរដ្ឋាភិបាលផ្ដល់ចំពោះប្រជាពលរដ្ឋ ក៏ដូចជាមាតាបិតាអាណាព្យាបាលផ្ដល់ចំពោះកូនចៅរបស់ខ្លួន គ្មានអ្វីល្អជាងការផ្ដល់ចំណេះដឹងនោះទេ៕