(ភ្នំពេញ)៖ ជាកិច្ចចាប់ផ្តើមសំណេះសំណាលជាមួយនិស្សិតជ័យលាភី សាកលវិទ្យាល័យវេស្ទើនជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានរាប់ថយក្រោយថា នៅសល់តែ ៩៩ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ថ្ងៃដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទុះការប្រកួតកីឡាស៊ីហ្គេមហើយ។

សម្តេចបញ្ជាក់ថាការរាប់ថយក្រោយ ធ្វើឡើងរហូតដល់ថ្ងៃចាប់ផ្តើមប្រកួត ខណៈនៅថ្ងៃទី២៥ ខែមករាម្សិលមិញ កម្ពុជាក៏បានរៀបចំពិធីរាប់ថយក្រោយ ១០០ថ្ងៃនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម នៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាជំរុញឱ្យព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ ក្លាយជាចលនាជាតិ ធ្វើយ៉ាងណាឲ្យកម្ពុជាស្អាត ដើម្បីចាំទទួលភ្ញៀវបរទេសរាប់ម៉ឺននាក់ ដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាដ៏សំខាន់មួយនេះ។

សម្តេចតេជោបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៉ីហ្គេម ដែលកម្ពុជារង់ចាំជាង៦០ឆ្នាំមកនេះ មិនមែនជារឿងដាច់ដោយឡែក សម្រាប់តែការប្រកួតកីឡា នៅរាជធានីភ្នំពេញនោះទេ គឺជាការចូលរួមទាំងអស់គ្នា របស់ប្រជាពលរដ្ឋទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនៅតែសុំឱ្យប្រជាពលរដ្ឋរបស់យើង ចូលរួមនៅក្នុងដំណើរការនៃស៉ីហ្គេម ដែលយើងរង់ចាំ៦៤ឆ្នាំហើយ សុំឱ្យប្រជាពលរដ្ឋប្រើប្រាស់ឱកាសនៃការប្រកួតស៉ីហ្គេម នៅកម្ពុជាក្លាយទៅជាចលនាជាតិ មិនមែនជាបញ្ហាដាច់ដោយឡែក របស់វិស័យកីឡានៅទីក្រុងភ្នំពេញទេ ធ្វើម៉េចឱ្យប្រទេសរបស់យើងស្អាត មនុស្សរាប់ម៉ឺននាក់នឹងមកកាន់ទីក្រុងភ្នំពេញ ដែលជាជនបរទេស គ្រាន់តែកីឡាករ កីឡាករិនីជិតម៉ឺននាក់ទៅហើយ អីចឹងអ្នកគាំទ្រដទៃទៀតគេមកដែរ»

សូមជម្រាបថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងប្រព្រឹត្ដទៅ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

«កីឡារស់ក្នុងសន្តិភាព» «ប្រជាជនម្នាក់លេងកីឡាមួយមុខ» «កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» និង «កម្ពុជាស្អាត» គឺជាពាក្យស្លោក ត្រូវបានបំផុសឲ្យប្រជាពលរដ្ឋ និងអ្នកស្នេហាវិស័យកីឡា ចូលរួមទាំងអស់គ្នា៕