Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ កំហុសខាងនយោបាយ មិនត្រូវឱ្យមាននៅកម្ពុជាទៀតទេ ! (Video inside)

26-01-2023 10:53

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីកំហុសខាងនយោបាយរបស់មេដឹកនាំកម្ពុជាជំនាន់មុន ដែលធ្វើឱ្យប្រទេសធ្លាក់ទៅជាប្រទេសក្រីក្រ និងសង្គ្រាម ហើយត្រូវបានបំផ្លាញដល់ឫសគល់។ ជាមួយនឹងការរលឹករឿងរ៉ាវអតីតកាលឡើងវិញនេះ សម្តេចតេជោ បានព្រមានថា កំហុសខាងនយោបាយ មិនត្រូវឱ្យមាននៅកម្ពុជាទៀតឡើយ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣​នេះ។

ប្រទេសកម្ពុជា ត្រូវបានសម្តេចតេជោ អះអាងថា ជាប្រទេសដែលមានធនធានធម្មជាតិសម្បូរបែប និងមានស្ថានភាពអំណោយផល ដោយមិនមានគ្រោះធម្មជាតិ រញ្ជួយផែនដី ផ្ទុះភ្នំភ្លើង ខ្យល់ព្យុះ ដូចប្រទេសដទៃឡើយ។

«បើយើងពិនិត្យអំពីស្ថានភាពរបស់ប្រទេសយើង ភាពអនុគ្រោះមានច្រើន ប្រៀបជាមួយនឹងប្រទេសដទៃ ប៉ុន្តែហេតុអ្វីបានជាយើងក្រ បញ្ហាចាប់ផ្តើមពីកំហុសខាងនយោបាយប្រទេសនេះ បើសិនជាមិនមានសង្គ្រាមឆ្នាំ១៩៧០ ផ្តើមដោយរដ្ឋប្រហារ១៨មីនា ឆ្នាំ១៩៧០»។ នេះជាការគូសបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន។

១៨ មីនា ឆ្នាំ១៩៧០ គឺជារដ្ឋប្រហារយោធា ដែលធ្វើឡើងដោយ លោកសេនាប្រមុខ លន់ នល់ ដើម្បីទម្លាក់សម្តេចនរោត្តម សីហនុ ចេញពីប្រមុខរដ្ឋ។ រដ្ឋប្រហារនេះ គឺជាចំណុចចាប់ផ្តើម ដែលនាំឱ្យកម្ពុជាមានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ រហូតធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសម្លាប់ប្រជាពលរដ្ឋជិត៣លាននាក់ និងបំផ្លិចបំផ្លាញធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធនានា។

សម្តេចថ្លែងបន្តថា៖ «កំហុសខាងនយោបាយ នៃការសម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ នាំឱ្យប្រទេសនេះ មិនត្រឹមតែមិនអាចអភិវឌ្ឍបានទេ ប៉ុន្តែប្រទេសនេះ ត្រូវបានបំផ្លាញដល់ឫសគល់តែម្តង យើងលំបាកណាស់ សង្គ្រាមបានដុតរោលទូទាំងប្រទេស»

សម្តេចបានបន្ថែមថា «អញ្ចឹងកំហុសខាងនយោបាយមួយនេះ ធ្វើឱ្យប្រទេសដើរថយក្រោយ ក្នុងពេលដែលប្រទេសដទៃដើរទៅមុខ យើងដើរថយក្រោយទៅវិញទេ អញ្ចឹងកំហុសខាងនយោបាយនេះ ត្រូវតែចៀសវាង ដែលយើងតែងតែនិយាយថា ខិតខំរក្សានូវសន្តិភាព ដែលយើងរកបានដោយលំបាកនេះឱ្យខាងតែបាន ទោះដោយតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាពឱ្យបានសិន កំហុសខាងនយោបាយមិនត្រូវឱ្យមានបន្តទៀត នៅកម្ពុជានោះទេ»