សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ចប់រឿងជម្លោះអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូក្នុងគ្រោះថ្នាក់ចរាចរណ៍ លើស្ពានជ្រោយចង្វារ និងឲ្យក្រសួងហៅក្រុមអ្នកកាសែតអនឡាញទៅអប់រំក្រមសីលធម៌វិជ្ជាជីវៈ (Video inside)
26-01-2023 10:40
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានស្នើឱ្យបញ្ចប់រឿងជម្លោះពាក់ព័ន្ធអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូក្នុងគ្រោះថ្នាក់ចរាចរណ៍មួយលើស្ពានជ្រោយចង្វារ ដែលកើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ។
សម្តេចតេជោលើកឡើងថា សំដីរបស់អ្នកសារព័ត៌មានរូបនោះ មកលើបុរសដែលខិតខំជួយលើកម៉ូតូជនរងគ្រោះ មិនសមហេតុផលទាល់តែសោះ អ្វីដែលត្រូវធ្វើ គឺត្រូវជួយសង្គ្រោះគ្នាសិន ហើយមិនត្រូវលើស្ពានស្ទះចរាចរណ៍ជាដាច់ខាត។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការងឿងឆ្ងល់ថា តើអ្នកសារព័ត៌មានដែល Live មានសិទ្ធិអី បានឱ្យគេសុំទោស? ពេលគេសុំទោសបែរជានិយាយថា មិនមែនសុំទោសចេញពីចិត្តទៀត។ សម្តេចបន្ថែមថា បើសុំទោសគួរតែសុំទោសនគរបាល តែបែរជាសុំទោសអ្នកសារព័ត៌មានទៅវិញ។
ការលើកឡើងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «រឿងនេះវាអត់ត្រូវអីទាល់តែសោះ ដំបូងបំផុតចាំបាច់ត្រូវជួយគ្នាសិន។ រឿងវាអត់សមហេតុសមផលទេ នូវការប្រើពាក្យសំដីបែបនេះ បើខ្លួនជាប៉ូលិសខ្ញុំមិនថាទេ ប៉ុន្តែគ្រាន់តែមានទូរស័ព្ទមួយ Live ហើយប្រើសំដីមិនសមបែបនេះ។ តែអ្នកខ្លះក៏រាងជ្រុលបន្តិចដែរថាគួរតែដកអាជ្ញាប័ណ្ណ អ្នកខ្លះរហូតដល់ថា ធ្វើឱ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ វាអត់ត្រូវទេ ឈប់បានឈប់ទៅ បញ្ចប់វាត្រឹមនេះទៅ ហើយដកពិសោធន៍វាទៅ»។
សម្តេចបានថ្លែងថា «គួរតែកុំពង្រីករឿងនេះ ទៅជារឿងធំតទៅទៀតបញ្ចប់ត្រឹមនេះទៅ ខ្ញុំនិយាយនេះមិនមែនបំផុសថែមទេ ប៉ុន្តែសំឡេងអំពាវនាវរបស់ខ្ញុំឲ្យបញ្ចប់ទៅ ទាំងរឿងលើស្ពានជ្រោយចង្វារ ក៏ល្មមដល់ទីបញ្ចប់ដែរ កុំជជែកគ្នាតទៅទៀត អ្នកណាយ៉ាងម៉េច គឺវាមាននៅក្នុងវីដេអូឃ្លីបអស់ហើយ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរនូវទឹកចិត្តរបស់បុរស ដែលជួយលើកជនរងគ្រោះ ទោះបីខ្លួនកំពុងជិះម៉ូតូឌុបប្រពន្ធកូនតូច សុខចិត្តទុកម៉ូតូចោល រួចមកជួយលើកម៉ូតូដល់ជនរងគ្រោះ នេះជាទឹកចិត្តល្អក្នុងការជួយសង្គ្រោះគ្នា។
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងព័ត៌មាន ហៅអ្នកសារព័ត៌មានអនឡាញ មកអប់រំ ណែនាំរឿងក្រមសីលធម៌វិជ្ជាជីវៈ។ ឆ្លងកាត់នូវបទពិសោធន៍រឿងហេតុនេះហើយ សម្តេចតេជោ ស្នើសុំឱ្យថ្ងៃក្រោយ កុំឱ្យមានកើតរឿងហេតុបែបនេះតទៅទៀត៕