(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការស្រាវជ្រាវ អស់រយៈពេលជាង០១ខែមក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០០៖២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបទល្មើសគ្រឿងញៀន០១ករណី នៅរាជធានីភ្នំពេញ។

ការចុះបង្ក្រាបនេះ ក្រោមការសម្របសម្រួល ពីលោក មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានកិច្ចសហការពីអ្នកទទួលខុសត្រូវនៅខុនដូរ អរអេនអេហ្វ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងបន្ទប់លេខ ៣០០៥ (ជាន់ទី៣០) និងបន្ទប់លេខ ៣១១០ (ជាន់ទី៣១)។

ប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើស គ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ស្រី២នាក់ ជនជាតិចិន៣នាក់៖ ឈ្មោះ ទាន់ លី ភេទប្រុស ជនជាតិចិន លិខិតឆ្លងដែនលេខ EJ1677012, ឈ្មោះ ហាវ យីជុន ភេទប្រុស ជនជាតិចិន (គ្មានលិខិតឆ្លងដែន), ឈ្មោះ ថាំង យីហាន់ ភេទស្រី ជនជាតិចិន លិខិតឆ្លងដែនលេខ E88549654 និងឈ្មោះ វ៉ា លីយ៉ា ភេទស្រី ជនជាតិខ្មែរ។

ចាប់យកសារធាតុញៀនសរុបទម្ងន់ប្រមាណ ១៣.២០គីឡូក្រាម (មេតំហ្វេតាមីនទម្ងន់១.៨គីឡូក្រាម ខេតាមីនទម្ងន់១.៩គីឡូក្រាម ខេតាមីនរាវ៥០ដប ទម្ងន់០.៥គីឡូក្រាម MDMA៦៩កញ្ចប់ ទម្ងន់
៩គីឡូក្រាម) សារធាតុកាហ្វេអ៊ីនទម្ងន់ ០.៩គីឡូក្រាម, កញ្ជាស្ងួតទម្ងន់២គីឡូក្រាម, ម្សៅពណ៌ទឹកក្រូចសម្រាប់លាយកែច្នៃ៨១កញ្ចប់ ទម្ងន់៨១គីឡូក្រាម និងរថយន្ត២គ្រឿង។

បច្ចុប្បន្ន កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនជនល្មើស និងវត្ថុតាងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ព្រមទាំងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេសធ្វើការស្រាវជ្រាវ ស៊ើប
អង្កេតរកប្រភពសារធាតុញៀន ដែលរឹបអូសបាន ព្រមទាំងស្វែងរកចាប់ខ្លួនមេខ្លោង និងបក្ខពួក បង្ក្រាបឲ្យដល់ឫសគល់។

សូមជម្រាបថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រោមការចង្អុលបង្ហាញ និងអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនធំៗជាច្រើនករណី។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងបង្ក្រាបបទល្មើសនេះឲ្យដល់ឫសគល់៕