(ព្រះវិហារ)៖ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដើម្បីឱ្យប្រទេសជាតិយើងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យថែមទៀត។

ការថ្លែងអំពាវនាវបែបនេះ របស់លោក មាស សុភា ក្នុងឱកាសដែលលោកអញ្ជើញចូលរួមសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការថ្មីនិងសិទ្ធិផលនានា សាងសង់អស់ទឹកប្រាក់៤៨,០៧៨ដុល្លា របស់គណបក្សប្រជាជនកម្ពុជាឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត លោក គីម រិទ្ធី អនុប្រធានគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ លោក មាស សុភា បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត ដែលតែងបានគិតគូរយកចិត្តទុកដាក់ជានិច្ច ពីសុខទុក្ខនិងជីវភាពរស់នៅរបស់សមាជិក សមាជិកា គណបក្សក៏ដូចជាបងប្អូន ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែង។

លោក មាស សុភា បានថ្លែងលើកឡើងទៀតថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំគូលែនជើង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ គឺបានកើតឡើងដោយការប្តេជ្ញាចិត្តរបស់គណបក្សខេត្ត គណបក្សស្រុកគូលែន គណបក្សឃុំគូលែនជើង ក៏ដូចជាក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ក្រុមកាងារខេត្តចុះជួយស្រុក ឃុំ ក្រោមសិល្បៈនៃការចែករំលែក ដែលជាប្រពៃណីដែលយើងមានតាំងពីយូរលង់មកហើយ។

លោកថ្លែងបញ្ជាក់ទៀតថា ការកសាងអគារស្នាក់ការគណបក្សស្អាតបែបនេះ មានន័យថាគណបក្សប្រជាជនកម្ពុជា ជាគណបក្សរឹងមាំ តាំងពីថ្នាក់កណ្តាល ដល់ថ្នាក់មូលដ្ឋាន ពិសេសគណបក្សប្រជាជនកម្ពុជានៅដឹកនាំយូរងង្វែងតទៅទៀត ហើយមកដល់ពេលនេះគណបក្សមួយចំនួនមិនទាន់មានស្នាក់ការធ្វើការត្រឹមត្រូវ ដូចយើងទេ ពោលគឺនៅធ្វើការតាមផ្ទះនៅឡើយ និងបានត្រឹមលើកស្លាកគណបក្សនៅតាមដងផ្លូវប៉ុណ្ណោះ។

លោកក៏ថ្លែងនូវការកោតសរសើរដល់ស្មារតីទទួលខុសត្រូវ របស់គណបក្សស្រុក គណបក្សឃុំ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុក ជួយឃុំ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ ជួយភូមិ ដែលបានរួមគ្នាធ្វើឲ្យសមិទ្ធផលនេះកើតឡើង ដោយមិនបានប្រើប្រាស់ថវិការបស់ជាតិនោះទេ។ ជាមួយនឹងអគារស្នាក់ការគណបក្សបានសាងសង់រួចយ៉ាងស្អាតបែបនេះ លោក សំណូមពរឲ្យមានអ្នកធ្វើការជាប្រចាំ និងត្រូវជួយថែរក្សាឲ្យបានស្អាត។

លោក មាស សុភា ក៏បានថ្លែងអំពាវនាវឱ្យរួមគ្នាគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ការពារសុខសន្តិភាព ដែលយើងខំដណ្តើមបានទាំងលំបាក ពិសេសត្រូវប្រឆាំងអ្នកដែលមានបំណង បំផ្លាញ បំភ្លេច បំភ្លៃ ថ្ងៃរំដោះ៧មករា និងត្រូវបន្តគាំទ្រនូវយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជន ត្រូវគាំទ្រនូវអភិក្រមទាំង៥ដើម្បីធ្វើឲ្យគណបក្សកាន់តែរឹងមាំ គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពខ្ពស់៕