(ភ្នំពេញ)៖ លោក ហ្សង់ ក្លូដ ពាំបឺហ្វ (Jean-Claude Poimboeuf) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសជាតូបការ ថ្នាក់អស្សឫទ្ធិ ជូនដល់លោក អេម៉ានុយអែល មេណង់តូ (Emmanuel MENANTEAU) អតីតអគ្គនាយកក្រុមហ៊ុន Cambodia Airports ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនបារាំង VINCI Airports។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោក មេណង់តូ ក្នុងការពង្រឹងសក្តានុពលសេដ្ឋកិច្ចបារាំង នៅកម្ពុជា ជាពិសេសតាមរយៈការ ពង្រីកព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងសៀមរាប ដែលបានបញ្ចប់កាលពីខែមីនាកន្លងទៅ។ ជា មួយកំណើនអ្នកធ្វើដំណើរ១០% ក្នុងមួយឆ្នាំ ក្រុមហ៊ុន Cambodia Airports ដែលមានវត្តមាន នៅកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំមកហើយ កំពុងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលមានវិស័យទេសចរណ៍ ជាសសរទ្រូងសំខាន់មួយ។
ពិធីបំពាក់នេះ ធ្វើឡើងក្រោមវត្តមានរបស់ទេសរដ្ឋមន្ត្រី យឹម ណុលឡា និង លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងតំណាងសហគមន៍ធុរកិច្ចបារាំង និងអឺរ៉ុប រួមទាំងក្រុមគ្រួសាររបស់លោក MENANTEAU ផងដែរ។ លោកឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរ អំពីការខិតខំប្រឹងប្រែងរបស់លោក មេណង់តូ ក្នុងការ លើកស្ទួយ និង កៀងគរសហគមន៍ធុរកិច្ចបារាំង និង អឺរ៉ុប នៅកម្ពុជា។
ក្រៅពីមុខងារជាទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារាំងប្រចាំកម្ពុជា លោកបានដឹកនាំសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ក្នុងទិសដៅពង្រឹងសក្តានុពលសេដ្ឋកិច្ចអឺរ៉ុប នៅកម្ពុជា។
ជាងនេះទៅទៀត ក្នុងនាមជាសមាជិកសកម្ម នៃសហគមន៍បារាំង លោក មេណង់តូ បានធ្វើការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះសកម្មភាពវប្បធម៌ ឬសង្គមធ្វើឡើងនៅកម្ពុជា ដោយអង្គការក្រៅរដ្ឋាភិបាល វិទ្យាស្ថានបារាំងនៅកម្ពុជា និង សមាគមបារាំង នៅកម្ពុជា។
គួរបញ្ជាក់ថា មេដាយជាតូបការ ត្រូវបានបង្កើតឡើង ដោយលោកឧត្តមសេនីយ៍ ដឺហ្គោល ក្នុងឆ្នាំ១៩៦៣ ដើម្បីបំពាក់ជូនឥស្សរជនបារាំង និង បរទេសទាំងឡាយណា ដែលមានស្នាដៃលេចធ្លោ សម្រាប់ប្រទេសបារាំង៕