(ញូជើស៊ី)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Lionel Messi បានប្រកាសលាឈប់ ពីក្រុមជម្រើសជាតិអាហ្សង់ទីន ជាផ្លូវការហើយ ក្រោយមិនអាចជួយឲ្យក្រុមជម្រើសជាតិ ដែលមានរហស្សនាមថា «ពពកស» លើកពានរង្វាន់ប្រចាំទ្វីបអាមេរិក Copa America Centenario 2016 ក្រោយចាញ់ឈីលី ៤-២ ដោយបាល់ប៉េណាល់ទី។
សារព័ត៌មាន BBC បានចេញផ្សាយឲ្យដឹងថា កីឡាករលេងឲ្យក្លឹបអាជីព FC Barcelona របស់អេស្ប៉ាញ វ័យ២៩ឆ្នាំរូបនេះ នឹងបាត់មុខពីក្រុមជម្រើសជាតិអាហ្សង់ទីន ចាប់ពីពេលនេះតទៅ តែនៅបង្ហាញខ្លួនក្នុងក្លឹបអាជីព ដដែល។
Messi បានខកចិត្តជាខ្លាំង ក្រោយពេលមិនអាចជួយឲ្យអាហ្សង់ទីន ឈ្នះពានប្រចាំទ្វីបអាមេរិក Copa America Centenario 2016 នៅលើទឹកដីអាមេរិកបាន ដោយបានត្រឹមតែរងជើងឯកប៉ុណ្ណោះ ក្រោយចាញ់ក្រុមជម្រើសជាតិ ឈីលី ៤-២ ដោយបាល់ប៉េណាល់ទី នៅវគ្គផ្តាច់ព្រ័ត្រព្រឹកថ្ងៃទី២៧ មិថុនានៅកម្ពុជា ស្មើនឹងល្ងាចថ្ងៃអាទិត្យនៅសហរដ្ឋអាមេរិក ដែលរូបគេទាត់បាល់ប៉េណាល់ទី មិនចូល១គ្រាប់ដំបូងផងដែរ សម្រាប់ក្រុមអាហ្សង់ទីន។
Messi បានថ្លែងយ៉ាងខ្លីថា «សម្រាប់ខ្ញុំ ក្រុមអាហ្សង់ទីន នៅពេលនេះគឺបានបញ្ចប់ហើយ ក្រោយពីប្រឹងប្រែងអស់ពីលទ្ធផលហើយនោះ។ ខ្ញុំឈឺណាស់ ដោយមិនអាចជួយអាហ្សង់ទីន លើកពានដែលមានរយៈ ពេល៤ឆ្នាំម្តងនេះបាន»។
សូមបញ្ជាក់ថា Messi បានចូលលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនបាន ១១២ប្រកួត តាំងពីឆ្នាំ២០០៥មក ហើយក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នាចុងក្រោយនេះ Messi បានត្រឹមជួយឲ្យអាហ្សង់ទីន រងជើងឯកពាន World Cup 2014 ក្រោយចាញ់អាល្លឺម៉ង់, ពាន Copa America 2015 និងពានរង្វាន់ Copa America 2016 ដោយចាញ់ឈីលីទាំង២ដងនៅវគ្គផ្តាច់ព្រ័ត្រ៕